សន្ដិសុខសង្គម

ការស្លាបរបស់ស្រ្តីដែលពេទ្យកាត់ពោះវៀនកំពុងភ្ញាក់ផ្អើលពេញបណ្តាញសង្គម

ដោយ៖ ប្រសិទ្ទ

ភ្នំពេញ៖ កម្មការិនីវ័យ២២ឆ្នាំដែលមានទារកស្លាប់ក្នុងផ្ទៃហើយពេទ្យឯកជនច្រឡំវះដាច់ពោះវៀនកាលពីខែវិច្ឆិកា ឆ្នាំ២០២២នោះ នាងបានស្លាប់ហើយនៅថ្ងៃទី១៦មីនា២០២៣។ការស្លាប់របស់នាងត្រូវបានគេចូលរួមរំលែកទុក្ខ ហើយបានចែករំលែកបន្តពីមួយទៅមួយពេញបណ្តាញសង្គម។

ប្រភពព័ត៌មានពីមន្ទីពេទ្យកាល់ម៉ែត និងប្តីបានឲ្យដឹងដូចគ្នាថា ជនរងគ្រោះបានស្លាប់ហើយការពីទៀបភ្លឺថ្ងៃទី១៦មីនា ២០២៣។នាងបានស្លាប់នៅពេលចាកចេញពីមន្ទីរពេទ្យកាល់ម៉ែតទៅកាន់ផ្ទះរបស់ខ្លួន នៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

ប្តីស្រ្តីដែលស្លាប់បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដំបូងឡើយប្រពន្ធរបស់គាត់ឈ្មោះ   សឿន ស្រីអូន អាយុ ២២ឆ្នាំ មានបញ្ហាទារកស្លាប់នៅក្នុងស្បូន។

ដើម្បីការពារជីវិតម្តាយគ្រួសារក៏បានបញ្ជូនទៅមន្ទីរសម្រាកព្យាបាល និងសម្ភព “ដើមអង្គ្រង” ស្ថិតនៅផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។ប៉ុន្តែជាអកុសលពេទ្យឯកជនបានច្រឡំកាត់ពោះវៀនដោយថាទងសុកបានធ្វើឲ្យស្រ្តីនោះរងគ្រោះនិងបង្កឲ្យមានការភ្ញាក់ផ្អើលពេញប្រទេស។

ប្តីស្រ្តីរងគ្រោះបានបន្ថែមថា ដោយសារព័ត៌មាននេះល្បីខ្លាំងពេក ថ្នាក់ដឹកនាំ និងក្រសួងសុខាភិបាល ក៏បានជួយជ្រោមជ្រែងបញ្ជូនទៅព្យាបាលនៅប្រទេសថៃនៅមន្ទីរពេទ្យ“ភីយ៉ាវេត”។ បានជិតមួយខែក៏បានធូស្រាលពីជំងឺតែត្រូវបន្តព្យាបាល និងរង់ចាំមានពោះវៀនថ្មីដែលមានគេបរិច្ចាគ យកមកវះកាត់ផ្លាស់ប្តូរទើបអាចជាពីជំងឺនោះបាន។ ដោយមានការរង់ចាំយូរពួកគេក៏សម្រេចចិត្តមកសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែតវិញ។

ប៉ុន្តែដោយសារតែការរង់ចាំនោះចេះតែយូរទៅៗ ក្រុមគ្រួសារក៏បានសម្រេចចិត្តចាកចេញពីមន្ទីរពេទ្យកាល់ម៉ែតបំណងទៅស្រុកកំណើតវិញ តែស្រ្តីរងគ្រោះក៏បានស្លាប់នៅតាមផ្លូវតែម្តង៕