សេដ្ឋកិច្ច

កម្ពុជា​រកចំណូលបាន​ជិត ៨០​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​

​ភ្នំពេញ​៖ រយៈពេល​២​ខែ ឆ្នាំ​២០២៣​នេះ កម្ពុជា​រកចំណូលបាន​ជិត ៨០​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ នេះ​បើតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៣​។​

​របាយការណ៍​បាន​បញ្ជាក់ថា ចំណូល​សរុប​រយៈពេល​២​ខែ ឆ្នាំ​២០២៣ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ មាន​ចំនួន ៧៩,៣៦៩,៧១០​ដុល្លារ ក្នុងនោះ​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន ៧៩,០៦២,៤១៤​ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ ចំនួន ៣០៧,២៩៦​ដុល្លារ​។​

​ចំពោះ​បរិមាណ នៃ​ការនាំចេញ​រយៈពេល​២​ខែ ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន ៥៨,៥៩០​តោន បាន​កើនឡើង​ចំនួន​១០,១៨១​តោន ស្មើនឹង​២១% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ រីឯ​ការនាំចេញ​ឈើ​កៅស៊ូ​វិញ សម្រេចបាន​ចំនួន​១,៣៦១​ម៉ែត្រគូប​។​

​បើតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​គូសបញ្ជាក់ថា សម្រាប់​តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម នៅ​រយៈពេល​២​ខែ ឆ្នាំ​២០២៣ ថ្លៃ​១,៣៤៩​ដុល្លារ ក្នុង​មួយ​តោន បាន​ថយចុះ​ចំនួន​២៣៦​ដុល្លារ ក្នុង​មួយ​តោន ស្មើនឹង​១៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។​

​គិត​ត្រឹម​រយៈពេល​២​ខែ ឆ្នាំ​២០២៣ ផ្ទៃដី​កៅស៊ូ​សរុប​មាន​ចំនួន ៤០៤,៥៧៨​ហិកតា ក្នុងនោះ ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ៣១៥,៣៣២​ហិកតា ស្មើនឹង​៧៨% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៨៩,២៤៦​ហិកតា ស្មើនឹង​២២%​។​

​គូសបញ្ជាក់ថា ឆ្នាំ​២០២២ កម្ពុជា​រកចំណូលបាន​ជាង ៥៣១​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ ក្នុងនោះ ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ចំនួន ៥២៧,៧៧៤,៥៦៩​ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ ចំនួន ៤,០៨៩,២៧៣​ដុល្លារ​៕​ដោយៈសិរីមតី