អន្តរជាតិ

អាម៉េរិកថារុស្ស៊ីរំលោភច្បាប់អន្តរជាតិហើយ ក្រោយវាយប្រហារយន្តហោះគ្មានមនុស្សបើកអាម៉េរិក

សហរដ្ឋអាម៉េរិកនិយាយថា រុស្ស៊ីពិតជារំលោភច្បាប់អន្តរជាតិហើយ បន្ទាប់ពីបានធ្វើឲ្យ​យន្តហោះគ្មានមនុស្សបើករបស់ខ្លួន MQ-9 ឲ្យធ្លាក់ចូលទឹកសមុទ្រខ្មៅ។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក Ned Price បាននិយាយកាលពីថ្ងៃអង្គារថា ការទម្លាក់យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាម៉េរិកឲ្យធ្លាក់ចូល   សមុទ្រខ្មៅ ខណៈពេលដែលស្ថិតនៅក្នុងដែនអាកាសអន្តរជាតិក្បែរតំបន់គ្រីមៀរ គឺជា “ការបំពានច្បាប់​អន្តរជាតិយ៉ាងធ្ងន់ធ្ងរ” ។ លោកបាននិយាយថា សហរដ្ឋអាម៉េរិកបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី​មកធ្វើការតវ៉ា ហើយឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសរុស្ស៊ី លោកស្រី Lynne Tracy ក៏បានធ្វើការតំណាងស្រដៀងគ្នានៅទីក្រុងមូស្គូដែរ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា សហរដ្ឋអាម៉េរិកបានហោះហើរលើដែនអាកាសនោះអស់រយៈពេលមួយឆ្នាំហើយ ហើយ “យើងនឹងបន្តធ្វើដូច្នេះ”។ Kirby បានសង្កត់ធ្ងន់ថា “យើងមិនចាំបាច់ត្រូវឆ្លងការឆែកឆេរ​ជាមួយជនជាតិរុស្ស៊ីណាម្នាក់ មុនពេលយើងហោះហើរក្នុងដែនអាកាសអន្តរជាតិទេ” ។ “មិន​មាន​តម្រូវ​ការ​ឲ្យ​ធ្វើ​បែប​នោះទេ ហើយបើមាន​ក៏​យើងមិន​ធ្វើ​ដែរ”។

គួរបញ្ជាក់ឲ្យដឹងថា ឧប្បត្តិហេតុដែលបានកើតឡើងនៅសប្តាហ៍នេះរវាងយន្តហោះចម្បាំងរុស្ស៊ី Su27 និងយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធអាម៉េរិក MQ-9 បានបង្កើនសម្ពាធតានតឹងជុំវិញសង្រ្គាម​របស់​ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែនបន្ថែមទៀត៕

ប្រភព៖Bloomberg

ប្រភពរូប៖Bloomberg
ប្រែសម្រួល៖សុខ តុលា