អន្តរជាតិ

ហ្សេឡិនស្គី និងមេបញ្ជាការកំពូលៗយល់ព្រមបន្តនៅទប់ទល់ក្រុងបាក់មុត

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ព្រមទាំងមេបញ្ជាការកំពូលៗ បានអនុញ្ញាតយល់ព្រម​ឲ្យកងកម្លាំងរបស់ខ្លួននៅបន្តទប់ទល់ទីក្រុងបាក់មុតខេត្តដូណេត​ ស៊ូមិនចុះចាញ់រុស្ស៊ីឡើយ។

ការិយាល័យប្រធានាធិបតីបាននិយាយនៅយប់ថ្ងៃអង្គារ ទី១៤ ខែមីនាថា Zelenskyy និងមេបញ្ជាការយោធាកំពូលៗរបស់គាត់បានយល់ព្រមព្រៀងគ្នាថា នឹងនៅបន្តការពារ Bakhmut តទៅមុខទៀត។ កិច្ចប្រជុំនេះមានការចូលរួមពីប្រធានាធិបតី មន្ត្រីរដ្ឋាភិបាលកំពូល និងមេបញ្ជាការ​យោធា។ ការិយាល័យបាននិយាយថា “បន្ទាប់ពីបានពិចារណាលើប្រតិបត្តិការ​ការពារក្នុងទិសដៅ Bakhmut សមាជិកទាំងអស់បាន​បង្ហាញ​ជំហរ​រួម​ដើម្បី​បន្ត​កាន់​កាប់​ និង​ការ​ពារ​ក្រុង​បាក់​មុត”។

គិតត្រឹមយប់ថ្ងៃអង្គារទី ១៤ ខែមីនា មិនទាន់មានសេចក្តីរាយការណ៍ពីចំណុចរបត់ថ្មីណាមួយ​របស់ទាហានស៊ីឈ្នួលរុស្ស៊ីនៅបាក់មុតឡើយ។ ការប្រយុទ្ធនៅតែកំពុងបន្ត។

ប្រធានាធិបតីពូទីន​នៅថ្ងៃជាមួយគ្នាបានមានប្រសាសន៍ថា “សម្រាប់យើង យើងមិនមែនធ្វើកិច្ចការភូមិសាស្ត្រនយោបាយទេ ប៉ុន្តែវាជាភារកិច្ចនៃការរស់រានមានជីវិតនៃរដ្ឋ រុស្ស៊ី បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍអនាគត​របស់ប្រទេស និងកូនចៅរបស់រុស្ស៊ី”៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា