អន្តរជាតិ

ស្នងការ៖ ឃ្លាំងស្តុកអាវុធអាល្លឺម៉ង់កាន់តែខើយខ្លាំង ក្រោយបញ្ជូនទៅអ៊ុយក្រែនច្រើនពេក

ស្នងការសភាអាល្លឺម៉ង់បាននិយាយថា នៅពេលនេះឃ្លាំងស្តុកអាវុធអាល្លឺម៉ង់បានកំពុងចុះខើយ​ចំហកាន់តែខ្លាំងហើយ ក្រោយបានបរិច្ចាគចេញឲ្យអ៊ុយក្រែន ដោយអំពាវនាវឲ្យមានការពន្លឿនបំពេញ​ឡើងវិញ។

ស្នងការសភាសម្រាប់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់​លោកស្រីថា យោធាអាល្លឺម៉ង់កំពុងទទួលរងការខ្វះខាតអាវុធ និងឧបករណ៍ច្រើនជាងមុនពេលការ​ឈ្លានពាន​របស់រុស្ស៊ីមកកាន់អ៊ុយក្រែនទៅទៀត ។ លោកស្រី ​Eva Hoegl បានប្រាប់អ្នកយកព័ត៌មាននៅ​ទីក្រុងប៊ែរឡាំងថា “ស្តុក Bundeswehr មិនមានអ្វីៗគ្រប់យ៉ាងដូចមុនទេ  ហើយឥឡូវនេះវាមាន​កាន់តែតិចទៅៗ ចុះថយជាបន្តបន្ទាប់ចាប់តាំងពីការឈ្លានពាន​របស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២”។ លោកស្រីបានថ្កោលទោសរដ្ឋាភិបាលចំពោះការយឺតយ៉ាវមិនត្រឹមតែក្នុងការ​ចំណាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការបំពេញស្តុករបស់យោធាផងដែរ បន្ទាប់ពីការបញ្ជូនក្នុង​បរិមាណដ៏ក្រាស់ក្រែលទៅទៅកាន់ទីក្រុងគៀវ។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Hoegl បាននិយាយថា “កងទ័ពរបស់យើងស្វាគមន៍ការ​គាំទ្រសម្រាប់អ៊ុយក្រែនជានិច្ច ទោះមានវាការហែករន្ធធំនៃស្តុក ក្រោយឧបករណ៍បាញ់គ្រាប់រ៉ុក្កែត​ជាច្រើន ឬរថក្រោះខ្លារខិន Leopard ត្រូវបានប្រគល់ទៅឱ្យទីក្រុង Kyiv”។ ចាប់តាំងពីសង្រ្គាមថ្ងៃដំបូងមក អាល្លឺម៉ង់បានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនអស់ប្រមាណជា ៦.៦ពាន់លានដុល្លារហើយ បូករួមទាំងជំនួយ នី​ទាឃរដូវចុងក្រោយ​ចំនួន ១ ពាន់​លាន​អឺរ៉ូ​ទៀត៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា