សន្ដិសុខសង្គម

រថភ្លើងបើកបុករថយន្តបណ្តាលឱ្យមនុស្ស ប្រុសស្រី៤នាក់រងរបួសធ្ងន់

កំពត៖ មនុស្សប្រុសស្រី៤នាក់ជាញាតិសន្តានបានរងរបួសធ្ងន់ដោយសាររថភ្លើងបើកបុក​រថយន្តក្នុងទឹកដីភូមិព្រែកអំពិល សង្កាត់កោះតូច កាលពីព្រឹកថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៣។

មន្ត្រីនគរបាលចរាចរណ៍ក្រុងបូកគោបានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់ឈ្មោះផាត សុភ័ក្រ អាយុ ៤១ឆ្នាំ រងរបួសធ្ងន់-ឈ្មោះ គង់ ស្រីហុង ភេទស្រី អាយុ ២៧ឆ្នាំ របួស។ឈ្មោះ សុភ័ក្រ ហុងឡុង អាយុ ៣ឆ្នាំ របួស-ឈ្មោះ ចាន់ ស្រីពេជ្រ ភេទស្រី អាយុ ៧ឆ្នាំ របួស។ទាំង៤នាក់រស់នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី១៥ ខែមីនា មានគ្រោះថ្នាក់ចរាចររវាងរថយន្ត និងរថភ្លើងនៅលើកំណាត់ផ្លូវដែកចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣-១៨៤ ពេលយានយន្តទាំង២ធ្វើដំណើរក្នុងទិសដៅខ្វែងគ្នា។ មុនហេតុការណ៍កើតឡើង គេឃើញរថយន្តតូយ៉ូតាព្រូសបម្រុងបើកឆ្លងផ្លូវដែក។

ពេលនោះស្រាប់មានរថភ្លើងមួយខ្សែមកបុកពេញទំហឹង រួចរុញរថយន្តទៅមុខប្រមាណជិត​១០០ម៉ែត្រទើបអស់ល្បឿន។ភ្លាមៗនោះអ្នកភូមិបាននាំគ្នាជួយមនុស្ស៤នាក់ក្នុងរថយន្ត ដោយម្នាក់របួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាលទើបហៅរថយន្តដឹកទៅមន្ទីរពេទ្យជាបន្ទាន់៕ ដោយ៖កំចាយ