សន្ដិសុខសង្គម

រថភ្លើងបុករថយន្តបណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់បានរងរបួស

ដោយ៖កំចាយ

កំពត: មនុស្សប្រុសស្រី៤នាក់ជាញាតិសន្តានតែមួយបានរងរបួសធ្ងន់ស្រាលដោយសាររថភ្លើងបុករថយន្តកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ក្នុងទឹកដីភូមិព្រែកអំពិល សង្កាត់កោះតូច។

មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋានក្រុងបូកគោបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងបួននាក់ រួមមានរួមមាន១.ឈ្មោះផាត សុភ័ក្រ ភេទប្រុស អាយុ ៤១ឆ្នាំ រងរបួសធ្ងន់, ២.ឈ្មោះ គង់ ស្រីហុង ភេទស្រី អាយុ ២៧ឆ្នាំ របួសស្រាល, ៣. ឈ្មោះ សុភ័ក្រ ហុងឡុង ភេទប្រុស អាយុ ៣ឆ្នាំ របួសស្រាល, ៤. ឈ្មោះ ចាន់ ស្រីពេជ្រ ភេទស្រី អាយុ ៧ឆ្នាំ របួសស្រាល។

ទាំងបួននាក់រស់នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។ សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី១៥ ខែមីនា មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្ត និងរថភ្លើងនៅលេីកំណាត់ផ្លូវដែកចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣-១៨៤ ពេលយានយន្តទាំងពីធ្វើដំណើរក្នុងទិសដៅខ្វែងគ្នា។

មុនហេតុការណ៍កើតឡើង គេឃើញរថយន្តតូយ៉ូតាព្រូសមកពីទិសខាងជើងបម្រុងបើកឆ្លងផ្លូវរថភ្លើង។ ស្របពេលនោះស្រាប់មានរថភ្លើងមួយខ្សែមកពីទិសខាងកើតក៏បានបុកពេញទំហឹង រួចរុញរថយន្តទៅមុខប្រមាណជិត១០០ម៉ែត្រទើបអស់ល្បឿន។ ប្រភពដដែលបានបន្តថា ភ្លាមៗ អ្នកភូមិបាននាំគ្នារត់ទៅជួយក៏ឃើញអ្នកដំណើរក្នុងរថយន្តមានគ្នាបួននាក់ ដោយម្នាក់របួសធ្ងន់ និងបីនាក់ទៀតរងរបួសស្រាលទើបហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕