សន្ដិសុខសង្គម

ពលរដ្ឋ១៣គ្រួសារសង់ខ្ទមលើដីមានកម្មសិទ្ធិ ព្រមរុះរើដោយស្ម័គ្រចិត្ត

ខេត្តព្រះសីហនុ៖ ពលរដ្ឋចំនួន១៣គ្រួសារដែលសង់ខ្ទមលើដីមានម្ចាស់កម្មសិទ្ធិ បានព្រមរុះរើចេញ​ដោយស្ម័គ្រចិត្ត ក្រោយមានការណែនាំពីក្រុមកាងាររដ្ឋបាលខេត្ត។

កាលពីល្ងាចថ្ងៃទី១៤ ខែមីនា កម្លាំងអាជ្ញាធរខេត្ត-ក្រុងព្រះសីហនុ និងមន្ត្រីមន្ទីរពាក់ព័ន្ធ បានចុះណែនាំអប់រំបងប្អូនចំនួន១៣គ្រួសារដែលបានសង់ខ្ទមរស់នៅលើដីមានម្ចាស់កម្មសិទ្ធិ នៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

លោក ប៊ូ វឌ្ឍនា ប្រធានក្រុមការងារបានបញ្ជាក់ថា ម្ចាស់ដីបានដាក់សំណើទៅរដ្ឋបាលក្រុង ដើម្បីសាសង់របងព្រំដី។ ក្រោយមកម្ចាស់ដីក៏បានសាងសង់របងតាមព្រំដី តែត្រូវបានរារាំងពីអ្នករស់នៅ​អនាធិបតេយ្យលើទីតាំងនោះ។ម្ចាស់ដីបានព្យាយាមសម្របសម្រួលឱ្យ១៣គ្រួសារចាកចេញ តែបងប្អូនមិនព្រមចេញតាមការជូនដំណឹងរបស់ម្ចាស់ដីទេ ។លុះត្រាតែទទួលបានសំណង​ទើបព្រមចាកចេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ ក្រុមការងារអាជ្ញាធរពាក់ព័ន្ទបានចុះណែនាំម្តង ហើយឱ្យពួកគាត់រុះរើខ្ទមចេញទុករយៈពេល១សប្តាហ៍។ តែបងប្អូនមិនអនុវត្តតាមឡើយ ទើបក្រុមការងារខេត្តចុះអប់រំម្តងទៀត។ក្រោយពីណែនាំរួចមកទាំង១៣គ្រួសារបានព្រមរុះរើខ្ទម​ទាំងអស់នោះចេញដោយស្ម័គ្រចិត្ត៕ដោយ៖វិចិត្រ