សេដ្ឋកិច្ច

ពន្ធដារ ប្រមូល​ចំណូល​បាន​ជាង​៥៣៩​លាន​ដុល្លារក្នុង​រយៈពេល​២​ខែ​ឆ្នាំ​២០២៣

​ភ្នំពេញ​៖ រយៈពេល​២​ខែ ឆ្នាំ​២០២៣ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារប្រមូលបាន​ជាក់ស្តែង តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​​ចំណូល​អន​ឡាញ ជាង​៥៣៩​លាន​ដុល្លារ ស្មើនឹង​ជាង​១៥%នៃ​ផែនការ​ច្បាប់ស្តីពី​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​២០២៣​។​

​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មានស្តីពីកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កុម្ភៈនិង​សម្រាប់​រយៈពេល២​ខែឆ្នាំ​២០២៣ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្តរបស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​សេចក្ដីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា​៖​សរុប​រយៈពេល​២​ខែ ឆ្នាំ​២០២៣ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ ប្រមូលបាន​ជាក់ស្តែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ចំនួន​២,១៨៣.៨៩ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៥៣៩.២៣ លាន​ដុល្លារ​) ស្មើនឹង​១៥.១០%នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​២០២៣ប្រៀបធៀប​នឹង​ចំណូល​​ពន្ធ​-​អាករ ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២២ ឃើញថា កើនឡើង​ចំនួន ១០៩.៣៣​ប៊ី​លាន​រៀល (​ប្រមាណ​ជា​២៧.០០​លាន​ដុល្លារ​) ស្មើនឹង​៥.២៧%»​។​

​ចំពោះ​ខែកុម្ភៈ ឆ្នាំ​២០២៣ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន មាន​ចំនួន ៩៦៦.៣២ ប៊ី​លាន​រៀល (​ប្រមាណ​ជា ២៣៨.៦០​លាន​ដុល្លារ​) ស្មើនឹង​៦.៦៨% នៃ​ផែនការ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។ ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រចាំ​ខែកុម្ភៈ ឆ្នាំ​២០២២ ឃើញថា កើនឡើង​ចំនួន ៥៩.២៩ ប៊ី​លាន​រៀល (​ប្រមាណ​ជា​១៤.៦៤​លាន​ដុល្លារ​) ស្មើនឹង​៦.៥៤%។

​លោក គង់ វិបុល បាន​ឲ្យ​ដឹង​ទៀតថា លើសពីនេះ សម្រាប់​រយៈពេល ២​ខែ ឆ្នាំ​២០២៣ ចំណូល​ពី​ប្រភេទ​ពន្ធ​សំខាន់ៗ​បាន​រក្សា​កំណើន​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២ក្នុងនោះពន្ធ​លើ​ប្រាក់ចំណូល ១៤.៧៩%,អាករ​លើ​តម្លៃបន្ថែម៨.៩៣%,និងពន្ធលើប្រាក់បៀវត្សរ៍ ​១១.០១%៕​ដោយៈសិរីមតី