សន្ដិសុខសង្គម

ប្អូនប្រុសប្រើកាំបិតចាក់បងបង្កើតឱ្យស្លាប់ព្រោះទាស់សម្តីគ្នារឿងដាំបាយ

បាត់ដំបង៖បុរសម្នាក់បានប្រើអំពើហិង្សារហូតឈានទៅទាញកាំបិតចិតបន្លែចាក់លើបងបង្កើតបណ្តាលឱ្យស្លាប់ព្រោះតែទាស់សម្តីគ្នារឿងដាំបាយ។ករណីឃាតកម្មខាងលើនេះ បានកើតឡើងនៅភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមីនា។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌលបានឱ្យដឹងថា ជនសង័្សយឈ្មោះយុន សំអូន​ អាយុ១៩ឆ្នាំ នៅភូមិឃុំខាងលើ ត្រូវជាប្អូនបង្កើតជនរងគ្រោះ។

មុនកើតហេតុ ពួកគេបានទាស់សម្តីគ្នារឿងដាំបាយ។បន្ទាប់មកប្អូនបានយកកាំបិតចិតបន្លែចាក់ផ្ទួនៗ​ទៅលើឈ្មោះយុន យៀត អាយុ ២៤ឆ្នាំ បណ្តាលឱ្យស្លាប់។ភ្លាមៗនោះជនដៃដល់បានរត់គេចខ្លួន​ឡើងទៅលើភ្នំបាត់។សមត្ថកិច្ចស្រុករតនមណ្ឌលសហការជាមួយនគរបាលខេត្តតាមប្រមាញ់​ជាច្រើនម៉ោងទើបចាប់ខ្លួនបាន។

ក្រោយពីចាប់ខ្លួននិងតាមចម្លើយសារភាព សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូន​ជនបង្កទៅផ្នែកជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី​៕ដោយ៖ព្រះអង្គខ្មៅ