សន្ដិសុខសង្គម

បញ្ជូន៧នាក់ករណីលេងល្បែងមាន់ជល់ស៊ីសងខុសច្បាប់ទៅតុលាការ

បាត់ដំបង៖សមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសល្បែងស៊ីសងប្រភេទជល់មាន់ខុសច្បាប់ និងឃាត់ខ្លួនមនុស្ស៧នាក់នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ហើយបានបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងនគរបាលស្រុកភ្នំព្រឹក កាលពីរសៀលថ្ងៃទី១៤ ខែមីនា បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងប្រភេទបញ្ជល់មាន់។ក្នុងនោះបានឃាត់ខ្លួនអ្នក​ប្រព្រឹត្តចំនួន៧នាក់ នៅត្រង់ទីលានសម្ងួតដំឡូងក្នុងភូមិបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងការបង្ក្រាបបទល្មើសខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងបានមួយចំនួនដូចជា សំពត់កៅស៊ូសង្វៀនមាន់១ដុំ-មាន់ជល់១០ក្បាល-លុយចំនួន៥៦០.០០០រៀល-ម៉ូតូ៣គ្រឿង-រួមទាំងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យជាមួយវត្ថុតាងរួចមក កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូន​ទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕ដោយ៖ព្រះអង្គខ្មៅ