អន្តរជាតិ

កូរ៉េខាងជើងថា ការធ្វើតេស្តមីស៊ីលចុងក្រោយសំខាន់ជាងពេលណាៗទាំងអស់

កូរ៉េខាងជើងនិយាយថា ការធ្វើតេស្តមីស៊ីលចុងក្រោយនៅច្រកសមុទ្រគឺសំខាន់ជាងពេល​ណាៗ​ទាំងអស់ ខណៈបានជួយបណ្តុះបណ្តាលនាវិកនូវការត្រៀមខ្លួនទប់ស្កាត់សត្រូវគ្រប់កាលៈទេសៈ។

ការលើកឡើងនេះ ត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃពុធទី ១៥ ខែមីនា ឆ្នាំ២០២៣។ សេចក្តីរាយការណ៍បាននិយាយថា ការបាញ់បង្ហោះនេះគឺជា “សមយុទ្ធបង្ហាញពិតៗ បានឃើញកាំជ្រួចផ្លោងយុទ្ធសាស្ត្រពីដីទៅដីចំនួនពីរ បាញ់ចេញពីក្បែរឆ្នេរសមុទ្រភាគខាងលិចក្នុងខេត្ត South Hwanghae ដោយហោះបានចម្ងាយប្រហែល ៦១១ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេស មុនពេលបាញ់ដល់គោលដៅនៅលើកោះតូចមួយ។ “ដោយបន្តថា ពួកគេប្រាកដជានឹងបំផ្លាញសត្រូវ ប្រសិនបើមានការប្រយុទ្ធ មេបញ្ជាការនៃអង្គភាពបានតាំងចិត្តយ៉ាងហ្មត់ចត់នូវសមត្ថភាពក្នុងការបំពេញ​កាតព្វកិច្ចរបស់ខ្លួន ក្នុងការវាយលុកគ្រប់ពេលវេលា បង្កើនការហ្វឹកហ្វឺនដល់គ្រប់ក្រុមកម្លាំងវាយលុក”។

គួរបញ្ជាក់ជាថ្មីថា ការបាញ់កាំជ្រួចនេះកើតឡើងនៅពេលដែលសមយុទ្ធរួមគ្នារយៈពេល ១១ ថ្ងៃរវាងកងកម្លាំងកូរ៉េខាងត្បូង និងអាម៉េរិកដែលត្រូវបានគេហៅថា “Freedom Shield 23” កំពុងដំណើរការ ដែលជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតនៅឧបទ្វីបកូរ៉េក្នុងរយៈពេលជាច្រើនឆ្នាំ​មកនេះ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា