កីឡា

កីឡាករមកពី១០ប្រទេសនឹងចូលរួមប្រកួតយកពានរង្វាន់អាស៊ីអាគ្នេយ៍នៅកម្ពុជា

ដោយ៖ ប្រសិទ្ទ

ភ្នំពេញ៖ សហព័ន្ធកីឡាកម្ពុជា (EFC) និងក្រុមហ៊ុន MOONTON Games បានចុះកិច្ចព្រមព្រៀងបង្កើតឲ្យមានកីឡាករខ្លាំងៗមកពី១០ប្រទេសចូលរួមប្រកួតយកពានរង្វាន់អាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមិថុនាខាងមុខនេះ។

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍កីឡាអេឡិចត្រូនិកអន្តរជាតិ MOONTON Games នៅសាលព្រះវិហារនៃក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣។

ចំពោះការបង្កើតកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២នាពេលនេះ គឺដើម្បីសហការរៀបចំការប្រកួតកីឡាដ៏ធំមួយ ក្នុងការដណ្តើមពានរង្វាន់កីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។ តាមការគ្រោងទុកការប្រកួននឹងចាប់ផ្តើមពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ ដែលមានកីឡាករមកពីប្រទេសចំនួន១០ចូលរួមប្រកួត។

ក្នុងនោះមានដូចជា ឥណ្ឌូនេស៊ី២ក្រុម ហ្វីលីពីន២ក្រុម ម៉ាឡេស៊ី១ក្រុម កម្ពុជា១ក្រុម សិង្ហបុរី១ក្រុម មីយ៉ាន់ម៉ា១ក្រុម តួកគី១ក្រុម ម្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង១ក្រុម អាមេរិកខាងជើង១ក្រុម និងក្រុមដែលបានក្រកួតជម្រុះតំបន់ទន្លេមេគង្គ (ថៃ ឡាវ និងវៀតណាម) ១ក្រុម៕