សេដ្ឋកិច្ច

វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា រោងចក្រ​ផលិត​ស្បែកជើង​មួយ​របស់​ចិន ផ្លាស់​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​វិញ​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៣ លោក ហ៊ូ ឆាវ​ហ៊ុយ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ផលិត​ស្បែកជើង អ​ល វីន ស៊ូ បាន​ជួបពិភាក្សា​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើ​ម្ប​ស្វែងរក​កិច្ច​គាំទ្រ​ការបង្កើត​រោងចក្រ​ផលិត​ស្បែកជើង​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​សំ​រោងទងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ នៅក្នុង​អំឡុង​ខែ មិថុនា ឆ្នាំ​២០២៣​ខាងមុខនេះ​។​

​លោក អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ដល់​ប្រធាន​ក្រុមហ៊ុន​ដែលមាន​ទំនុកចិត្ត​មកលើ​កម្ពុជា ហើយ​កម្ពុជា​ក៏​ស្វាគមន៍​ចំពោះ​អ្នក វិនិយោគ​ទាំងអស់​។​

​លោក អ៊ិត សំហេង បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​ផលិតផល​ស្បែកជើង កាបូប និង​ផលិតផល​ធ្វើដំណើរ ទៅកាន់​ទីផ្សារ​ធំៗ ដូចជា​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន​ជាដើម​។​

​លោក ហ៊ូ ឆាវ​ហ៊ុយ​បានឱ្យដឹងថា​៖​ក្រុមហ៊ុន​ត្រូវការ​បុគ្គលិក​ជិត​មួយ​ពាន់​នាក់ ដើម្បី​ផលិត​ស្បែកជើង​ឱ្យបាន ៧០ ម៉ឺន​គូ​ក្នុង​មួយខែ ក្នុងការ​នាំចេញ​ទៅកាន់​អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​៕ដោយ៖ផាវី