ព័ត៌មានជាតិ

រដ្ឋាភិបាលផ្តល់ថវិកាជាង២ពាន់លានរៀលដល់កីឡាជនពិការ

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាចំណាយថវិកាសរុប ២,៧០៨,៦០០,០០០រៀល ជូនដល់កីឡាករជនពិការដែលទទួលជ័យលាភីពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២។

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ជំនួសមុខសម្តេចតេ ហ៊ុន សែន នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ១៣ ខែមីនា នេះ បានផ្តល់ថវិការសរុបចំនួន ២,៧០៨,៦០០,០០០ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជនពិការ គ្រូបង្វឹក គ្រូជំនួយ និងក្រុមការងារទាំងអស់។ កីឡាករ កីឡាការិនីជនពិការទាំងអស់មានចំនួន ១១៥នាក់ ដែលបានខិតខំក្នុងការប្រកួតនាពេលកន្លងមក។

គួរបញ្ជាក់ដែរថា ចំពោះការក្រកួតនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កម្ពុជាទទួលបានមេដាយមាស ៧គ្រឿង ប្រាក់ ១០គ្រឿង និងសំរិទ្ធ ១១គ្រឿង ហើយស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី៧ ក្នុងចំណោម ១១ប្រទេសដែលបានចូលរួមប្រកួត៕