អន្តរជាតិ

តៃវ៉ាន់សង្ឃឹមថានឹងនាំយកទាហានរបស់ខ្លួនម្នាក់ពីប្រទេសចិនមកវិញ

រដ្ឋបាលកោះតៃវ៉ាន់ បានបញ្ជាក់ថា ខ្លួននឹងនាំយកទាហានម្នាក់ពីប្រទេសចិន មកកាន់ទឹកដីនៃកោះវិញ​ឲ្យបានឆាប់ បន្ទាប់ពីបានបាត់ខ្លួនកាលពីសប្តាហ៍មុន ហើយស្រាប់តែលេចមុខនៅប្រទេសចិន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសភាថ្ងៃអង្គារទី ១៤ ខែមីនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានប្រាប់ថា រដ្ឋបាលនៃកោះនឹងធ្វើការនាំយកបុគ្គលនោះត្រឡប់មកវិញ​ឲ្យបាន ខណៈដែលការចាត់តាំងបណ្តាញកំពុងធ្វើឡើង។ លោក Chiu មិនបានបញ្ជាក់ថាតើបណ្តាញ​មួយណា ឈ្មោះអ្វីនោះទេ។ តាមការរៀបរាប់ ទាហាននោះបានបម្រើការនៅលើកោះ Erdan គ្រប់គ្រងដោយតៃវ៉ាន់ជិតឆ្នេរសមុទ្រចិន រូបគេបានបាត់ខ្លួនកាលពីសប្តាហ៍មុន ហើយក្រោយមក​ត្រូវបានរកឃើញនៅក្នុងប្រទេសចិនថ្ងៃចន្ទសប្តាហ៍នេះ។

ទន្ទឹមនឹងការបាត់ខ្លួនទាហានម្នាក់នេះ មានសំណួរសួរទៅកាន់លោករដ្ឋមន្រ្តីតៃវ៉ាន់ថាតើវានឹងប៉ះពាល់​ដល់ភាពរសើបសម្ងាត់របស់យោធាតៃវ៉ាន់ឬអត់។ លោក Chiu បានសង្កត់ធ្ងន់ថា វានឹងមិនប៉ះពាល់អ្វី​ដល់​ព័ត៌មានសម្ងាត់ ការដាក់ពង្រាយយោធា និងទីតាំងចាត់ថ្នាក់របស់តៃវ៉ាន់ទេ វានឹងមិនប៉ះពាល់ទេ បើទោះបីជាទាហាននោះមានសមត្ថភាពខ្លាំងប៉ុនណាក៏ដោយ។ សម្រង់សម្ដីដោយរ៉យទ័រ “ទោះជាគាត់​មាន​សមត្ថភាពបែបណាក៏ដោយ យើងនៅតែបដិសេធថាយើងមិនចាំបាច់ធ្វើកំណែទម្រង់យោធា​ណាមួយ​ឡើយ”។ ជុំវិញដំណឹងនេះ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនមិនបានធ្វើការ​អត្ថាធិប្បាយលើបញ្ហានេះទេ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា