សន្ដិសុខសង្គម

កំពុងស្រាវជ្រាវករណីឆេះផ្ទះអស់ជាង៤០ខ្នងផ្ទះនៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖សមត្ថកិច្ចកំពុងស្រាវជ្រាវករណីភ្លើងឆេះផ្ទះពលរដ្ឋជាង៤០ខ្នងផ្ទះអស់គ្មានសល់ ដោយរថយន្តបាញ់ទឹកជួយអន្តរាគមន៍ប្រមាណ១០គ្រឿង និងប្រើទឹកជាង១០០រថយន្ត។

គ្រោះអគ្គិភ័យនេះបានកើតឡើងនៅម្តុំទំនប់បារាំង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង​កាលពីថ្ងៃទី១២ ខែមីនា។ មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងពេលចុះប្រតិបត្តិការបានឱ្យដឹងថា នៅថ្ងៃកើតហេតុ មានអគ្គិភ័យមួយដែលផ្តើមចេញពីផ្ទះប្រជាពលរដ្ឋម្នាក់ជាអ្នកប្រកបរបរឆ្អើរត្រី។

ដោយសារនៅតំបន់នេះជាប់មាត់ទន្លេមានខ្យល់ខ្លាំង ក៏បង្កឱ្យភ្លើងឆេះកាន់តែខ្លាំងឡើងៗ។ទោះបីកម្លាំងអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គិភ័យខេត្តនិងមកពីបណ្តាស្រុកចំនួនប្រមាណ១០គ្រឿង បានចុះជួយបាញ់ទឹកពន្លត់យ៉ាងណាក៏ដោយ ភ្លើងនៅតែបន្តឆេះរាលដាលជាបន្តបន្ទាប់អស់​ប្រមាណជាង៤០ខ្នងផ្ទះក្នុងចំណោម៦០ផ្នះ ក្រុមជំនាញបានប្រើទឹកជាង១០០រថយន្ត​ទើបគ្រប់គ្រងសភាពការណ៍បាន។

មន្ត្រីដដែលបានបន្តថា បន្ទាប់ពីមានគ្រោះមហន្តរាយកើតឡើង សមត្ថកិច្ចមិនទាន់ដឹងពី​មូលហេតុពិតប្រាកដនៅឡើយទេ។ក្នុងនោះក៏មិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយដែរ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវក្នុងករណីនេះ៕ដោយ៖វិចិត្រ