សន្ដិសុខសង្គម

ឆេះឃ្លាំងលក់រថយន្តទំនើបខូចខាតចំនួន៧គ្រឿងនិងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះឃ្លាំងលក់រថយន្តទំនើប យីហោ“លីឆាយ៦៩៦” បង្កឱ្យខូចខាត ចំនួន៧គ្រឿង ឃ្លាំងឆេះអស់ទាំងស្រុង និងមនុស្សម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះ បានកើតឡើងនៅជាប់ទីតាំងឆៀករថយន្តសាខាសែនសុខ ក្បែរខ្លោងទ្វារវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី១០ ខែមីនា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុជាងម្នាក់កំពុងជួសជុលរថយន្តក្នុងយានដ្ឋាន។ស្រាប់តែឃើញមានផ្សែងហុយចេញពីរថយន្ត ហើយបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ពេលនោះក្រុមជាងបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងបាន ។

បន្ទាប់មកកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យប្រមាណ១០គ្រឿងទៅដល់គោលដៅជួយអន្តរាគមន៍បាញ់ទឹកភ្លាមៗ ភ្លើងក៏បានរលត់វិញមិនឆេះរាលដាលឡើយ។តែអគ្គិភ័យបានឆេះបំផ្លាញឃ្លាំង អស់ទាំងស្រុង-រថយន្តទំនើបម៉ាកនីសាន់ណាវ៉ារ៉ាចំនួន៧គ្រឿង និងបុរសម្នាក់រងរបួសធ្ងន់ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

គ្រោះមហន្តរាយនេះមន្ត្រីអាជ្ញាធរបានសន្និដ្ឋានថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ក្នុងនោះក៏មិនទាន់បញ្ជាក់ពីតម្លៃក្នុងទំហំនៃការខូចខាតបាននៅឡើយ ព្រោះកំពុងសាកសួរ៕ដោយ៖វិចិត្រ