អន្តរជាតិ

ស្លាប់៩នាក់ ខូចខាតប្រភពថាមពលយ៉ាងដំណំនៅអ៊ុយក្រែន ក្រោយរុស្ស៊ីបាញ់មីស៊ីលស្រោច

មនុស្សយ៉ាងហោចណាស់៩នាក់ត្រូវបានផ្ទៀងផ្ទាត់ថាបានស្លាប់ និងខូចខាតប្រភពថាមពលទីក្រុងគៀវ និងទូទាំងប្រទេសអ៊ុយក្រែន ក្រោយរុស្ស៊ីបើកការវាយប្រហារស្រោចយ៉ាងសន្ធាប់កាលពីថ្ងៃព្រហស្បតិ៍។

នេះបើតាមអ្នករាយការណ៍ព័ត៌មានរ៉យទ័រ ក៏ដូចជាបណ្តាញឯករាជ្យអន្តរជាតិជាច្រើនបានធ្វើ​បច្ចុប្បន្នភាព​គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ទី ៩ ខែមីនា ឆ្នាំ២០២៣។  ជនស៊ីវិលយ៉ាងហោចណាស់ ៩នាក់ពិតជាត្រូវបានសម្លាប់គួរឲ្យអាណិតនៅក្នុងទីក្រុងលីវីភាគខាងលិច Dnipro ភាគ​កណ្តាល និងនៅ Khersonភាគខាងត្បូង ខណៈដែលទីក្រុងគៀវរដ្ឋធានីធំ កំពង់ផែសមុទ្រខ្មៅនៃ Odesa និង Kharkiv ទីក្រុងធំទី២ ក៏សុទ្ធតែត្រូវបានវាយប្រហារទាំងអស់ដែរ។ នៅក្នុងការវាយប្រហារព្រឹកព្រហាម​ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៨១ គ្រាប់ រួមទាំងកាំជ្រួចល្បឿនលឿន Kinzhal ចំនួន ៦ គ្រាប់ យន្តហោះគ្មានមនុស្សបើកចំនួន ៨ គ្រឿង ធ្វើឲ្យឆេះខូចខាតប្រភពថាមពលក្រុងយ៉ាងដំណំជាថ្មីម្តងទៀត។

ឆ្លើយតបនឹងការវាយប្រហារនេះ ក្រសួងការពារជាតិរុស្ស៊ីបានចេញមកនិយាយថា វាគឺជាការវាយប្រហារ​សងសឹកចំពោះការលួចវាយឆ្មក់ឆ្លងព្រំដែនកាលពីសប្តាហ៍មុនដោយភេរវករអ៊ុយក្រែន។ ក្រសួងបាន​អះអាងបន្ថែមទៀតថា ខ្លួនបានវាយប្រហារគ្រប់គោលដៅដែលបានគ្រោងទុក បំផ្លាញមូលដ្ឋាន​យន្តហោះ​គ្មានមនុស្សបើក រំខានដល់ផ្លូវដែក និងខូចខាតសម្ភារដែលផលិត និងជួសជុលអាវុធរបស់​របបអ៊ុយក្រែន៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា