សន្ដិសុខសង្គម

រថយន្ត​​បិទផ្លាក​សារព័ត៌មាន​​​ប្រ​ឡាប់​ធ្លាក់ចូល​ប្រឡាយ​ តៃកុងរបួសធ្ងន់​

ភ្នំពេញ៖រថយន្ត​ទំនើបម៉ាក​ឡិច​ស៊ី​ស​ មានបិទឡូហ្គោសារព័ត៌មានCTC ​បើក​​​គេច​ពី​ម៉ូតូ​​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​​ចូល​ក្នុង​ប្រឡាយ​ទឹក ធ្វើ​ឱ្យតៃកុង​រង​របួសធ្ងន់ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យភ្លាមៗ។គ្រោះថ្នាក់ចរាចរ​នេះ​បាន​កើតឡើង​នៅ​តាម​មហាវិថី​ឈ្នះ-ឈ្នះ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ កាលពីល្ងាចថ្ងៃទី៩ ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្ត​ក្នុងហេតុការណ៍​នេះ ម៉ាក​ឡិច​ស៊ីស​ 400h ផ្លាក​លេខកំពត 2A-0141 បិទ​ឡូ​ហ្គោ​សារព័ត៌មាន​CTC ។អ្នកបើកបរ​​មិន​ទាន់ស្គាល់​អត្តសញ្ញាណនៅ​ឡើយ តែអាចជា​អ្នក​សារព័ត៌មាន។

ប្រភពដដែលបានបន្តថា ​មុន​​កើតហេតុ គេ​ឃើញរថយន្ត​​បើកពី​ជើង​ទៅ​ត្បូង។លុះដល់កន្លែងខាងលើ​បាន​គេច​ពី​ម៉ូតូ​​ក៏​រេ​ចង្កូត​​ធ្លាក់ផ្លូវក្រឡាប់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ បណ្តាល​ឱ្យ​អ្នកបើកបររង​របួសធ្ងន់​។ភ្លាម​ៗនោះ​ប្រជាពលរដ្ឋបាន​នាំ​គ្នា​ជួយ​យក​ជនរងគ្រោះចេញពីរថយន្តរួច​​បញ្ជូន​ទៅ​​មន្ទីរពេទ្យ។

ក្រោយមកកម្លាំងនគរបាល​ជំនាញបាន​ចុះ​មកពិនិត្យ ហើយឱ្យ​រថយន្តធំ​មក​ស្ទូច​យករថយន្តក្រឡាប់នេះទៅ​ទុក​នៅ​ប៉ុស្តិ៍រដ្ឋបាលជាបណ្តោះអាសន្ន៕ដោយ៖វិចិត្រ