សន្ដិសុខសង្គម

ជិះម៉ូតូ៣នាក់ចេញពីផឹកស៊ីបុកជញ្ជាំងផ្ទះគេ ស្លាប់ម្នាក់ របួសធ្ងន់២នាក់

ភ្នំពេញ៖បុរស៣នាក់បានជិះម៉ូតូឌុបគ្នាចេញពីផឹកស៊ីជាមួយមិត្តភក្តិ ហើយជ្រុលទៅបុកជញ្ជាំងផ្ទះពលរដ្ឋ បណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ធ្ងរ២នាក់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងដោយខ្លួនឯង នៅតាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី៩ ខែមីនា។

ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ រូបគាត់បាននាំប្ដីពីខេត្តតាកែវមកភ្នំពេញដើម្បីរកទិញដី។

ស្រ្តីរូបនោះបានបន្តថា ពេលមកចូលផ្ទះបងប្អូនក៏នាំគ្នាផឹកស៊ី លុះចប់កម្មវិធីប្តីនិងមិត្តភក្តិបានជិះម៉ូតូ SCOOPY ផ្លាកលេខកណ្ដាល 1K-1482 ក្នុងល្បឿនលឿនចេញទៅដើរលេង។ មកដល់កន្លែងផ្លូវកោងក៏ជ្រុលទៅបុកជញ្ជាំងផ្ទះគេពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់និង២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមិនទាន់បញ្ជាក់ឱ្យដឹងពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។មន្ត្រីជំនាញបានយកម៉ូតូទៅទុកនៅផ្នែកនគរបាលចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ។ចំណែកសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ