សេដ្ឋកិច្ច

ផលិតផល​ខ្មែរ​ជាង​៥០០​មុខ ត្រូវបាន​នាំមក​បង្ហាញ​-​ដាក់លក់​ក្នុងឱកាស​បុណ្យ​ទន្លេ​

ដោយៈសុភក្ត្រា

​កំពង់ធំ​៖ ផលិតផល​ខ្មែរ​ជាង​៥០០​មុខ ត្រូវបាន​នាំមក​បង្ហាញ ផ្សព្វផ្សាយ និង​ដាក់លក់​ក្នុងឱកាស​បុណ្យ​ទន្លេ ពីថ្ងៃ​ទី​៨-១០ ខែមីនា ឆ្នាំ​២០២៣ នៅ​ខេត្តកំពង់ធំ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍​នេះ គឺមាន​ការតាំងពិព័រណ៍​សមិទ្ធផល មហោស្រព​ម្ហូបអាហារ​និង​ភេសជ្ជៈ និង​ការតាំងពិព័រណ៍​ក​សិ​ទេសចរណ៍ ផលិតផល​សហគ្រាស​ធុន​តូច​និង​មធ្យម ផលិតផល​ខ្មែរ ផលិតផល​កសិកម្ម និង​ផលិតផល​របស់​សហគម​ន៍​ដែលមាន​ស្ដង់​សរុប​ចំនួន​៣០០​ស្តង់​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​៖​ការរៀបចំ​ពិព័រណ៍​នេះ គឺជា​ការរួមចំណែក​មួ​យ​ក្នុងការ​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​នៃ​វិស័យ​ទេសចរណ៍​ដែល​ត្រូវបាន​ចាត់ទុក​ថាជ​ការនាំចេញ​នៅនឹងកន្លែង សំដៅ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ពិសេស​ការបង្កើត​ឱកាស​ការងារ​សម្រាប់​ក​សិ​ករ សិប្បករ និង​អ្នក​ផលិត​តាមរយៈ​ទីផ្សារ​ទេសចរណ៍​។​

​លោក សួង ណ​យ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយក៏បាន​ឱ្យដឹងថា នាឱកាស​ពិធី​បុណ្យ​​ទន្លេ​នៅ​ខេត្តកំពង់ធំ​នេះ មាន​ផលិតផល​ដល់​ទៅ​ជាង​៥០០​មុខ ដែល​សុទ្ធតែជា​ផលិតផល​ស្នាដៃ​កូន​ខ្មែរ អាជីវករ សិប្បករ កសិករ ប្រជា​ជន​ខ្មែរ​ទាំងអស់ ដូចជា ដូង ទឹកដោះគោ ទឹកត្រី ប្រេងដូង ប្រេង​ស្លឹកគ្រៃ ប្រេង​រឹត​ធ្វើ​ពី​ស្លឹកម្លូ ក្រណាត់​សូត្រ ក្រណាត់​ហូល ក្រមា កាបូប ម្សៅ​ចេក ផលិតផល​ដែល​បាន​ពី​ត្នោត ផលិតផល​ដែល​បាន​ពី​កា​កាវ គ្រាប់ស្វាយចន្ទី សាច់ក្រក ត្រីងៀត អំបុក ភេសជ្ជៈ ចម្លាក់​ស្បែក គ្រឿងឧបភោគ​បរិភោគ របស់របរ​ប្រើប្រាស់ ដំណាំ​កសិកម្ម វត្ថុ​អនុស្សាវរីយ៍​វត្ថុ​លម្អ​សោភ័ណភាព​ជាដើម​៕