សេដ្ឋកិច្ច

កម្ពុជា​រក​ចំណូល​ពី​ការលក់​លេខ​រថយន្ត​បាន​ជាង​៥៤​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ឆ្នាំ​

​ដោយៈសិរីមតី/ភ្នំពេញ​៖​ក្នុង​កម្មវិធី​អបអរសាទរ ខួប​៣​ឆ្នាំ លេខ​ពិសេស​ផ្ទាល់ខ្លួន នា​ដើម​សប្តាហ៍​នេះ លោកស្រី កុយ សុ​ដា​នី រដ្ឋលេខា ធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រក​ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​បាន​ជាង ៥៤​លាន​ដុល្លារ​អាម៉េរិក គិត​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២​។​

​លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា​៖ រដ្ឋាភិបាល បាន​ប្រើប្រាស់​ថវិកា​ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​មួយចំណែក ជូនទៅ​មូលនិធិ​កាត់បន្ថយ​ភាពក្រីក្រ និង​មួយចំណែក​ទៀត​បង់​ចូល​ថវិកាជាតិ​។

​លោកស្រី កុយ សុ​ដា​នី បាន​បន្តថា ៣​ឆ្នាំនេះ ក្រសួង​សាធារណការ បាន​អនុវត្ត​លក់​លេខ​ចុះបញ្ជី​រថយន្ត​សរុប ១១៨​ពាន់​លេខ ទទួល​បាន​ថវិកា​ជាង​៥៤​លាន​ដុល្លារ​អាម៉េរិក​។ ក្នុងនោះ​ក្រសួង លក់​លេខ​ពិសេស​បាន​ជាង ១០​ម៉ឺន​លេខ ទទួល​ថវិកា​ជិត ២៦​លាន​ដុល្លារ​អាម៉េរិក​និង​លក់​លេ​ពិសេស​ផ្ទាល់ខ្លួន​បាន​ជាង ១៦​ពាន់​លេខ ទទួល​ថវិកា​បាន​ជាង ២៨​លាន​ដុល្លារ​អាម៉េរិក​។​លោកស្រី​បន្ថែមថា នៅ​ឆ្នាំ​២០២២ លទ្ធផល​នៃ​ការប្រមូល​ចំណូល​ពី​ការលក់​ចុះបញ្ជី​រថយន្ត បាន​២១​លាន​ដុល្លារ​អាម៉េរិក ដែល​កើនឡើង ២២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២១​