សន្ដិសុខសង្គម

ចាប់គ្រូទាយល្បីឈ្មោះម្នាក់កំពុងបង្កឲ្យមានការភ្ញាក់ផ្អើលនៅខេត្តកំពង់ចាម

ដោយ៖រ៉ាម៉េត

ភ្នំពេញ៖អ្នករស់នៅខេត្តកំពង់ចាម កំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគ្រប់ៗគ្នាក្រោយពីចាប់ខ្លួនគ្រូទាយនិងជាគ្រូបញ្ជាន់រូបចាស់វស្សាម្នាក់ រឹបអូសបានអាវុធខ្លីទំនើប៥ដើមនិងសម្ភារល្មើសច្បាប់មួយចំនួនទៀត។

សមត្ថកិច្ចនគរបាលនៅថ្ងៃទី៧ មីនា ឆ្នាំ២០២៣ បានសម្រុកចូលទៅចាប់ខ្លួនគ្រូទាយនិងជាគ្រូមន្តអាគមអូមអាមម្នាក់ឈ្មោះអ៊ឹម ប្រុស មានងារជាឧកញ៉ាផងនោះនៅផ្ទះរបស់គាត់ក្នុងភូមិ  អណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ក្បែរភ្នំប្រុស ភ្នំស្រី ខេត្តកំពង់ចាម តាមសាលដីកាសាលាឧទ្ធរណ៍ត្បូងឃ្មុំ ពីបទ«ឆបោក»។

នៅក្នុងប្រតិបត្តិការចាប់ខ្លួននោះ សមត្ថកិច្ចបានវ៉ៃខ្នោះឆែកឆេរក្នុងផ្ទះវីឡារបស់គាត់រកឃើញអាវុធខ្លីទំនើបៗជាច្រើនដើមលាក់ទុកដោយខុសច្បាប់។ជាមួយនោះមានគ្រាប់និងសម្ភារល្មើសច្បាប់មួយចំនួនទៀតដូចជាខ្នោះដៃជាដើម។ក្រោយពីចាប់ខ្លួនកម្លាំសមត្ថកិច្ចដែលមានការសម្របសម្រួលពីតំណាងអយ្យការក៏បានរៀបចំសំណុំរឿងទៅតាមនីតិវិធី។

ប៉ុន្តែអ្វីដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបាននិយាយតៗគ្នារហូតមកដល់ពេលនេះជាពិសេសអ្នករស់នៅខេត្តកំពង់ចាមនោះនៅត្រង់ថា  តើហេតុអ្វីបានជាគ្រាន់តែសម្បត្តិត្រឹមគ្រូទាយ គ្រូមន្តអាគមអូមអាមសោះ ថ្លើមធំហ៊ានលាក់ទុកអាវុធ និង គ្រាប់ខុសច្បាប់ជាច្រើនបែបនេះ? តើអាវុធទាំងនោះបានមកពីណាជាអ្នកផ្តល់ឲ្យ ហើយគាត់រក្សាទុកវាដើម្បីប្រយុទ្ធឬទុកធ្វើសង្គ្រាមច្បាំងជាមួយអ្នកណា?

អ្នករស់នៅខេត្តកំពង់ចាមមួយចំនួនបានប្រាប់អ្នកយកព័ត៌មានCambodia Flash News ថា លោកឧញ៉ាអ៊ឹម ប្រុស អាយុ៥៦ឆ្នាំ មានចាក់សាក់ពេញខ្លួនដែលជាគ្រូទាយឬអ្នកខ្លះហៅគាត់ថាជាគ្រូសិល្ប៍នោះគឺល្បីឈ្មោះបោះសំឡេងជាន់់ផ្អៀងនៅខេត្តកំពង់ចាមនោះចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្លេះ។

អ្នកទាំងនោះបានឲ្យដឹងទៀតថា មានមនុស្សជាច្រើន ជាពិសេសអ្នករកស៊ីជួញដីធ្លី មន្រ្តីរាជការ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រាក់ៗ និងមានទាំងអ្នកដំណាងរាស្រ្តមួយចំនួនផងដូចជាមានជំនឿលង់ទៅលើការទស្សន៍ទាយនិងជួយអន្តរាគមន៍តាមផ្លូវងងឹតរបស់លោកអ៊ឹមប្រុសខ្លាំងសម្បើមណាស់ហើយអ្នកទាំងអស់នោះក៏តែងបានជួយឧបត្ថម្ភជាសម្ភារលុយកាក់ច្រើនដែរ។ប៉ុន្តែអ្នករស់​នៅខេត្តកំពង់ចាមមួយចំនួនជាពិសេសអ្នកនៅស្រុកកំពង់សៀមដែលគេដឹងពីប្រវត្តិច្បាស់គឺមិនមានជំនឿទៅលើបារមីរបស់លោកគ្រូ អ៊ឹម ប្រុសនោះឡើយ។

អ្នកផ្តល់ព័ត៌មានក៏បានឲ្យដឹងទៀតថា កន្លងមកគ្រូទាយដែលតែកកោរសក់ក្បាលឃួបប្រាំងខួបវស្សារូបនោះហាក់ទទួលបានលាភសក្ការច្រើនណាស់ពីមុខរបររបស់គាត់ ហើយក៏តែងមានរឿងក្តីក្តាំជាច្រើនដែរ តែគាត់ហាក់ដូចជាមានសំណាងតែងរួចខ្លួនដោយសារភាគច្រើនមានខ្សែអ្នកធំឬសិស្សគណដែលលោកគ្រូធ្លាប់ជួយឲ្យរកស៊ីបានចម្រុងចម្រើនពីមុនមកនោះពួកគេចេញមុខជួយអន្តរាគមន៍៕