អន្តរជាតិ

អ៊ុយក្រែន​​ថា​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ១៣ គ្រឿង

អ៊ុយក្រែននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន១៣គ្រឿង ដែលបានបង្ហោះចេញពីភាគខាងត្បូងប្រទេសរុស្ស៊ីពេញមួយយប់ថ្ងៃចន្ទទី៦ ខែមីនា។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនពិតជាបានបាញ់ទម្លាក់យន្តហោះគ្មាន​មនុស្សបើកប្រដាប់អាវុធចំនួន ១៣ គ្រឿង ដែលបានហោះចេញពីភាគខាងត្បូងប្រទេសរុស្ស៊ីអស់​រយៈពេលពេញមួយយប់ បន្ទាប់ពីសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើង​អស់ជាច្រើនម៉ោង​ដូចគ្នានៅក្នុងទីក្រុង Kyiv។ កងទ័ពអាកាសបានលម្អិតនៅក្នុងបណ្តាញ Telegram ថា កងកម្លាំងរុស្ស៊ីបានបង្ហោះយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ១៥គ្រឿងពីតំបន់ Bryansk ត្រូវជាភាគឦសាននៃទីក្រុង Kyiv អ៊ុយក្រែន ខណៈក្នុងនោះ ១៣ គ្រឿង ត្រូវកងកម្លាំងអ៊ុយក្រែនបាញ់ទម្លាក់ដោយជោគជ័យ។ អ៊ុយក្រែនថា សញ្ញានៃការវាយឆ្មក់​តាមអាកាសបានផ្ទុះឡើងជាច្រើនម៉ោងនៅព្រឹកថ្ងៃចន្ទ ហើយការការពារដែនអាកាស​ត្រូវបានបង្កឡើងដោយភ្លាមៗ។ ជុំវិញដំណឹងទាំងនេះ គេពុំបានប្រទះឃើញការវែកញែក​ណាមួយពីខាងរុស្ស៊ីទេ។

រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងហេដ្ឋារចនា​សម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនចាប់តាំងពីខែតុលា ដោយជំរុញឱ្យទីក្រុង Kyiv ពង្រឹងប្រព័ន្ធ​ការពារដែនអាកាសរបស់ខ្លួនដោយមានជំនួយជាជំហរពីសម្ព័ន្ធមិត្តលោកខាងលិច៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា