ពោធិ៍សាត់៖រថយន្តដឹកស្រាបៀរបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្តាលឱ្យអ្នកបើកបរស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ គ្រោះថ្នាក់ចរាចរបង្កឡើងដោយខ្លួនឯងនេះនៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមីនា។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឱ្យដឹងថា មុនកើតហេតុ រថយន្ដម៉ាក FUSO ចង្កូតស្ដាំផ្លាកលេខ PP-0200 បើកពីកើតទៅលិច។មកដល់កន្លែងខាងលើក៏រេចង្កូតធ្លាក់ផ្លូវហើយក្រឡាប់បណ្តាលឱ្យអ្នកបើកបរស្លាប់ភ្លាម។ចំណែកអ្នករួមដំណើររងរបួសធ្ងន់ត្រូវដឹកទៅមន្ទីរពេទ្យភ្លាមៗ។
លោកអធិការបានបន្តថា តាមការពិនិត្យនៅកន្លែងកើតហេតុដែលបណ្តាលឱ្យរថយន្តក្រឡាប់ គឺអ្នកបើកបរទំនងងងុយដេក ។បុរសបាត់បង់ជីវិតឈ្មោះ អ៊ិន ណាក់ អាយុ៤០ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែងនិងឈ្មោះ ឌួង ថាត់ អាយុ២២ឆ្នាំ នៅស្រុកវាលវែង ពោធិ៍សាត់រងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យ។ រីឯរថយន្តសមត្ថកិច្ចបានយកទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជងរង់ចាំដោះស្រាយពេក្រោយ៕ដោយ៖វិចិត្រ