សេដ្ឋកិច្ច

ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប គ្រោង​ដាក់ឱ្យ​ហោះ​សាកល្បង​ខែមិថុនា​

ភ្នំពេញ​៖ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ សាងសង់​សម្រេចបាន​ប្រមាណ ៨៦​ភាគរយ​ហើយ និង​គ្រោង​ដាក់ឱ្យ​ហោះហើរ​សាកល្បង​នៅ​ខែមិថុនា និង​ហោះ​ជា​ផ្លូវការ​នៅ​ខែតុលា ឆ្នាំ​២០២៣​នេះ​។​

​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក Liu Mingling អគ្គនាយក និង​ជា​អនុប្រធាន​ក្រុមហ៊ុន Yunnan Investment Group ដែលជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​នៃ​ក្រុមហ៊ុន​អនុវត្ត​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ (AIAI) ក្នុងពេល​អញ្ជើញ​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​០៦ ខែមីនា ឆ្នាំ​២០២៣​។​

​បើតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួប​នេះ ក្រៅតែពី​ជម្រាប​នូវ​វឌ្ឍន​ភាព​នៃ​ការសាងសង់​ហើយ លោក​អគ្គនាយក​ក្រុមហ៊ុន បាន​ជម្រាប​សម្តេច​តេ​ជោ​ពី​បំណង​ចង់​ផ្សព្វផ្សាយ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ឱ្យបាន​ទូលំទូលាយ ដើម្បី​ជាការ​ទាក់ទាញ​អ្នកទេសចរ អ្នកវិនិយោគ​។​បន្ថែម​ពីលើ​នោះ លោក Liu Mingling ជម្រាប​សម្តេច​តេ​ជោ ពី​បំណង​ចង់​វិនិយោគ​ថាមពល​ពន្លឺព្រះអាទិត្យ នៅ​ខេត្តសៀមរាប​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្តែង​ការរីករាយ​ចំពោះ​វឌ្ឍនភាព​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​-​អង្គរ​។ សម្តេច​តេ​ជោ បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ព​ន្លឿ​ន​ការសាងសង់ និង​ធ្វើយ៉ាងណា​ឱ្យ​ការសាងសង់​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​មុន​បើក​ការហោះហើរ​។​

​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ព្រលានយន្តហោះ​នេះ​មាន​តួនាទី​ធំ ក្នុង​ការតភ្ជាប់​ផ្លូវអាកាស​។ មិន​ត្រឹម​ភ្ជាប់​ការហោះហើរ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​ត​ភ្ជាប់​ប្រទេស​ផ្សេងទៀត ដែល​មិន​ហ៊ាន​ចុះចត​កាលពីមុន​។​

​សូមបញ្ជាក់ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ ៨៨០​លាន​ដុល្លារ​អាមេរិក​។ អាកាស​យានដ្ឋាន​នេះ បានចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០​។​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ជា​ប្រភេទ​អាកាសយានដ្ឋាន​អន្តរជាតិ​កម្រិត​/​លំដាប់ថ្នាក់ 4E ត្រូវបាន​សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ ៧០០.០៦​ហិកតា​។ ក្រុមហ៊ុន​វិនិយោគ​ព្រលាន​យន្តហោះ​ថ្មី​នេះ ក៏​នឹងមាន​ការកសាង​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​តំបន់ឧស្សាហកម្ម​រណប​ឱ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ដែល​ហៅថា ទីក្រុង​អាកាសយានដ្ឋាន ដែលមាន​ដី​បម្រុង​ប្រមាណ ១,០០០​ហិកតានិង​ការអភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿនដែល​ត​ភ្ជាប់​ត្រង់​ពី​ទី​រួម​ខេត្តសៀម​រាប ទៅកាន់​អាកាសយានដ្ឋាន​ផងដែរ​៕​ដោយៈសុភក្ត្រា