ព័ត៌មានជាតិ

បេក្ខជនជាច្រើននាក់ចូលរួមប្រឡងវិញ្ញាសាបន្តដើម្បីចូលធ្វើទាហាន

ភ្នំពេញ៖ មានបេក្ខជនបេក្ខនារីជាង៦ពាក់នាក់បានបន្តប្រឡងវិញ្ញាសាកីឡា កាយសម្បទាដើម្បី​ចូលធ្វើទាហានជំនាន់ថ្មី ២០២៣។

បេក្ខជន បេក្ខនារី ចំនួន ៦.៣៩៩នាក់ បានចូលរួមប្រឡងនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ លើវិញ្ញាសាកីឡា កាយសម្បទា ជាបន្តទៀត ក្រោយប្រឡងបញ្ចប់វិញ្ញាសាផ្សេងៗកាលពីថ្ងៃទី​៥ ខែមីនា លើវិញ្ញាសាចំណេះដឹងទូទៅ និងភាសាបរេទេស ដើម្បីបានចូលបម្រើការងារនៅ​កងយោធពលខេមរភូមិន្ទ។ ការប្រឡងវិញ្ញាសាទាំងពីរនេះធ្វើឡើងនៅក្នុងបរិវេណនៃ​បញ្ជាការដ្ឋានទ័ពពិសេស (អតីតបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១) ក្នុងភូមិសាស្ត្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ប៊ុត សុភាព អនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាននៃកង​យោធពលខេមរភូមិន្ទ មានប្រសាសន៍ថា ការប្រឡងលើវិញ្ញាសារកីឡា កាយសម្បទា ដែលអនុគណៈកម្មការប្រឡងជ្រើសរើស បានដាក់ជូនបេក្ខជនទាំងពីរភេទប្រឡងនៅពេលនេះរួមមាន វិញ្ញាសារត់ប្រណាំងចម្ងាយបុរស ៨០០ម៉ែត្រ នារី ៣០០ម៉ែត្រ វិញ្ញាសាចោលដុំដែក បុរសទម្ងន់ ៥គីឡូក្រាម នារី ៣គីឡូក្រាម និងវិញ្ញាសាលោតចម្ងាយ។

លោកបន្តថា បេក្ខជន បេក្ខនារី ទាំងអស់ត្រូវខិតខំប្រឡងលើគ្រប់វិញ្ញាសាឲ្យអស់ពីសមត្ថភាព កុំរំពឹងទៅលើការអន្តរាគមន៍ពីនរណាម្នាក់ ឬអាងឪពុក ម្តាយ អ៊ំ ពូ មីង ដែលកំពុងបម្រើការងារនៅក្នុងជួរកងទ័ពឲ្យសោះ។ បេក្ខជនណាដែលមានសុខភាពល្អ និងមានសមត្ថភាពគ្រប់គ្រាន់ នឹងអាចទទួលបានជោគជ័យ៕ ដោយ៖ ប្រសិទ្ធ