សន្ដិសុខសង្គម

ជំនាញបង្ក្រាបឧបករណ៍ល្មើសច្បាប់ក្នុងតំបន់អភិរក្ស រួចដុតកម្ទេចចោល

ស្ទឹងត្រែង៖ក្រុមជំនាញជលផល បានចុះល្បាតនិងសហការរឹបអូសឧបករណ៍ នេសាទ ខុសច្បាប់ជាច្រើននៅទន្លេមេគង្គ ក្នុងតំបន់អភិរក្សត្បូងខ្លា ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែមីនា ក្រុមមន្ត្រីជលផលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបនិងរឹបអូសឧបករណ៍ខុសច្បាប់ជាច្រើន រួចយកដុតកម្ទេចចោលភ្លាមៗ។

ការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងក្នុងមួយខែយ៉ាងតិច២ដង និងមានមន្ត្រីតាមឃ្លាំមើលជាប្រចាំ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតក្នុងខេត្តស្ទឹងត្រែងនិងក្រចេះ។

លោកយាម សាវុន នាយផ្នែករដ្ឋបាលជលផលសេកុងស្ទឹងត្រែង -លោកនាយរងផ្នែករដ្ឋបាល ជលផលថាឡាបរិវ៉ាត់ និងសហការពីមន្រ្តីឆ្មាំទន្លេអភិរក្សសត្វផ្សោត៤ប៉ុស្តិ៍ ក្នុងនោះមានកោះសំពាយ-សៀមបូក-ត្បូងខ្លា-និងកោះជ្រឹម ល្បាតក្នុងអន្លង់អភិរក្សត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក។

ជាលទ្ធផលក្នុងការបង្ក្រាបដកហូតសន្ទូច១៧ខ្សែប្រវែង២.៥៥០ម៉ែត្រ-មានចំនួន១.២៧៥ផ្លែ-មង ១៦ត្បូងប្រវែង១.២៨០ម៉ែត្រ ហើយបានបំផ្លាញចោលឧបករណ៍ខុសច្បាប់ដែលចាប់ភ្លាមៗតែម្តង។ឧបករណ៍ទាំងនេះបង្កឱ្យគ្រោះថ្នាក់ដល់សត្វផ្សោតនិងត្រីមេពូជធំៗខណៈស្វែងរកចំណីក្នុងតំបន់គ្រប់គ្រងសត្វផ្សោតតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង៕ដោយ៖សុខុម