ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា ត្រៀមដាក់តាំងបង្ហាញបេតិកភណ្ឌរូបិយនិងអរូបិយក្នុងព្រឹត្តិការណ៍ខួប១០ឆ្នាំនៃអង្គរសង្ក្រាន្តនៅសៀមរាប

សៀមរាប៖ មន្ត្រីនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា គ្រោងនឹងធ្វើការតាំងពិព័រណ៍បង្ហាញអំពីវប្បធម៌ខ្មែរ​ជាច្រើន ដែលមាននៅក្នុងបេតិកភណ្ឌរូបិយនិងអរូបិយផង នៅក្នុងព្រឹត្តិការណ៍ខួបទី១០ឆ្នាំ នៃអង្គរសង្គ្រាន្ត ដែលគ្រោងនឹងប្រារព្ធឡើងដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាដើមខែមេសាខាងមុខនេះ។

អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលស្រាវជ្រាវនិងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា លោក ទិន ទីណា មានប្រសាសន៍ថា សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ខាងមុខនេះ គឺសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក)នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តរំលឹកខួបទី១០ឆ្នាំ ក្រោមប្រធានបទ«ក្តីស្រមៃនិងក្តីសង្ឃឹម»។ ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានស្នើសុំឱ្យអាជ្ញាធរជាតិអប្សរាជួយរៀបចំកម្មវិធីមួយឈ្មោះ ថាភូមិបេតិកភណ្ឌវប្បធម៌ ដើម្បីតាំងបង្ហាញអំពីវប្បធម៌ខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ ជូនសាធារណជនបានទស្សនានិងយល់ដឹងកាន់តែច្បាស់។

លោក ទិន ទីណា មានប្រសាសន៍បញ្ជាក់ទៀតថា ភូមិបេតិកណ្ឌ ដែលអាជ្ញាធរអប្សរាកំពុងរៀបចំសាងសង់ នឹងដាក់បង្ហាញអំពីបេតិកភណ្ឌរូបិយ ដូចជាបង្ហាញឧបករណ៍បច្ចេកទេសនៃការរំលីងថ្ម ដើម្បីយកមកផ្គុំកសាងប្រាសាទ ដែលមានបន្សល់ទុកនៅតាមចម្លាក់របស់ប្រាសាទបាយ័ននិងការបង្ហាញអំពីបច្ចេកទេសនៃការជួសជុលប្រាសាទទឹកជាដើម។ ចំណែកឯបេតិកភណ្ឌអរូបិយវិញ គឺនឹងមានបង្ហាញអំពីការចារសាស្ត្រាស្លឹករឹត ដោយគ្រោងនឹងអញ្ជើញស្ត្រីឈ្មោះភឿន ផាវី ជាអ្នកចេះចារសាស្ត្រា ឱ្យមកបង្រៀនដល់អ្នកមកទស្សនា ឱ្យបានយល់ដឹងផងដែរ។វប្បធម៌អរូបិយមួយទៀត គឺអាជ្ញាធរអប្សរានឹងបង្ហាញអំពីសិល្បៈ​នៃការសូនភាជន៍ ដោយនឹងបើកឱ្យអ្នកចូលរួមទស្សនាអាចរៀនសូត្រពីអ្នកជំនាញផងដែរ។ជាមួយគ្នានេះក៏មានបង្ហាញអំពីចម្លាក់ស្បែកតូច ស្បែកធំ ក្រៅពីនោះគឺមានការលេងល្បែងប្រជាប្រិយ ព្រមទាំងមានក្រុមភ្លេងកន្រ្ទឹម របស់អ្នកភូមិត្បែង មកលេងកំដរនិងរាំលេងកម្សាន្ត។

កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៣ កន្លងទៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត ហង់ ពៅ និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូប បានប្រារព្វធ្វើពិធីប្រុងពាលីចំពោះម្ចាស់ទឹកម្ចាស់ដី​និង​បារមីនៃវត្ថុសក្តិសិទ្ធិ នៅខាងមុខអង្គរវត្ត ដើម្បីសុំរៀបចំបើកការដ្ឋានសាងសង់ភូមិបេតិកភណ្ឌ​និងស្តង់ពិព័រណ៍ សម្រាប់ត្រៀមទទួលព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងមកដល់នៅថ្ងៃបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរខាងមុខ។

ចំណែកនៅផ្នែកខាងស្ពានហាលឯណោះវិញ ក៏នឹងមានរៀបចំស្ដង់ដើម្បីរៀបចំដាក់បង្ហាញអំពី​ផលិតផល​នៃការងាររយៈពេល៣០ឆ្នាំ របស់អាជ្ញាធរអប្សរាផងដែរ៕