ព័ត៌មានជាតិ

ប.ស.ស និងអង្គការអុកស្វាមបញ្ជាក់ពីសារសំខាន់នៃការក្លាយជាសមាជិក ប.ស.ស

ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គមហៅកាត់ថា ប.ស.ស និងអង្គការអុកស្វាមបានបញ្ជាក់ថា ប.ស.ស គឺមានសារប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សទូទៅដែលអាចជួយសម្រាលបន្ទកលើការចំណាយផ្សេងៗរបស់ពួកគេ។

ប.ស.ស និងអង្គការអុកស្វាមសហការជាមួយនឹងក្លិបអ្នកកាសែតកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្ដីពីសារសំខាន់នៃប្រព័ន្ធគាំពារសង្គម តាមរយៈការផ្ដល់ប័ណ្ណប.ស.ស នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដើម្បីជំរុញការផ្សព្វផ្សាយនិងបញ្ជ្រាបពីអត្ថប្រយោជន៍នៃប.ស.ស។

លោកស្រី សុខ ច័ន្ទឆវី តំណាងអង្គការអ៊ុកស្វាម (Oxfam)បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទៅពិសេសអ្នកដែលស្ថិតក្នុងវិស័យកាត់ដេរ ទទួលបានអត្ថប្រយោជន៍ជាច្រើនពីប័ណ្ណប.ស.ស។ ដោយទទួលបានការការពារលើសុខភាព គ្រោះថ្នាក់ពេលបំពេញការងារ ប្រាក់សោធន និងអត្ថប្រយោជន៍ផ្សេងៗទៀត។ លោកស្រីបន្តថា កន្លងមកប្រជាពលរដ្ឋធ្លាក់ខ្លួនមានបំណុលភាគច្រើន ក៏ដោយសារសុខភាពស្របពេលគ្មានលុយព្យាបាល។ មានពលរដ្ឋខ្លះលក់ធនធានរបស់ខ្លួនដើម្បីព្យាបាលសុខភាពនៅពេលមិនទាន់បានប័ណ្ណប.ស.ស។

លោកស្រីថាអង្គការអុកស្វាមបានធ្វើការងារនេះជាយូរមកហើយពិសេសផ្ដោតទៅលើបងប្អូនដែលមានជីវភាពក្រីក្រ អ្នករកស៊ីដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជួយជ្រោមជ្រែងរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ អង្គការអុកស្វាមកំពុងខិតខំផ្សព្វផ្សាយសារប្រយោជន៍ទាំងនោះឲ្យបានទូលំទូលាយបន្ថែមទៀត តាមរយៈសារព័ត៌មានផ្សេងៗនិងបន្តអនុវត្តគម្រោងថ្មីមានស្រាប់ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បន្តរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានបុគ្គលិក ប.ស.ស បានបញ្ជាក់ឲ្យដឹងដែរថា នៅពេលដែលបងប្អូនបានចុះបញ្ជីជាមួយប.ស.ស ហើយបានប័ណ្ណសមាជិក ប.ស.ស និងទទួលបានអត្ថប្រយោជន៍បីសំខាន់គឺ ផ្នែកហានិភ័យការងារ  ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។

លោកបន្តថាការទទួលបានប្រយោជន៍ពីប័ណ្ណ ប.ស.ស ដោយគ្រោះថ្នាក់ការងារគឺជាគ្រោះថ្នាក់នៅកន្លែងការងារឬក្នុងពេលម៉ោងបំពេញការងារ ពេលនោះបងប្អូនទាំងអស់នឹងទទួលបានការរ៉ាប់រងលើការចំណាយទាំងអស់។ តែប្រសិនបើឈានដល់បាត់បង់ជីវិត ក្រៅពីចំណាយផ្សេងៗ ប.ស.សនិងផ្ដល់ជូន ៤លានរៀលនៅក្នុងការចំណាយធ្វើបុណ្យ។ ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ការងារ  ប.ស.ស កំពុងធ្វើពិសោធនកម្មអាចផ្ដល់រហូតដល់ ១០លានរៀលនាពេលខាងមុខ។ លោកថាប.ស.សបានធានាទៅលើការថែទាំសុខភាពជាច្រើនប្រភេទដោយរួមបញ្ចូលទាំងប្រភេទជំងឺរ៉ាំរ៉ៃ ១៤ប្រភេទផងដែរ។ លោកបញ្ជាក់ថាបច្ចុប្បន្នមានមន្ទីរពេទ្យរដ្ឋនិងឯកជនជាង ៣០០កន្លែងដែលបានសហការជាមួយប.ស.ស នាពេលបច្ចុប្បន្ននេះ។

លោក សុខ បូរ៉ា បន្ថែមទៀតថា ចំពោះប្រជាពលរដ្ឋ  មន្ត្រីរាជការដែលបានចុះបញ្ជីប្រាក់សោធន នៅពេលដល់អាយុ ៦០ឆ្នាំ អាចដាក់ពាក្យស្នើសុំបើកប្រាក់សោធនបានដោយគិតទៅតាមរយៈពេល និងនីតិវិធីដែលបានកំណត់។

គូរបញ្ជាក់ថា  នេះជាលើកដំបូងដែល ប.ស.ស និងអង្គការអុកស្វាមសហការជាមួយក្លិបអ្នកកាសែតកម្ពុជា ក្នុងការជំរុញផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃប័ណ្ណប.ស.ស ទៅដល់មហាជនទូទៅឲ្យកាន់តែទូលំទូលាយជាងនេះបន្ថែមទៀត៕