សន្ដិសុខសង្គម

បញ្ជូនបុរសក្លែងធ្វើជាមន្ត្រីប៉េអឹមនិងប្រើអាវុធខុសច្បាប់ទៅតុលាការ

ភំ្នពេញ៖អាវុធហត្ថភ្នំពេញនិងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃ​ទី​៣ ខែមីនា បានចាប់ជនសង្ស័យ​ម្នាក់​ពីបទក្លែងបន្លំធ្វើជាមន្ត្រីអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ និងប្រើអាវុធខុសច្បាប់។

មន្ត្រីចុះបង្ក្រាបបានឱ្យដឹងថា ការចាប់ខ្លួនបុរសបន្លំធ្វើមន្ត្រីអាវុធហត្ថនេះនៅម្តុំផ្ទះ​កោសជប់​ម៉ាស្សា​ ផ្លូវ​៣០​ម៉ែត្រ​ ភូមិ​ស្រែជម្រៅ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ​សែន​ជ័យ។ជនសង្ស័យ ឈ្មោះ​ស៊ី កប អាយុ​៣២ឆ្នាំ​ នៅ​សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

បុគ្គលរូបនេះបានក្លែងឯកសណ្ឋានអាវុធហត្ថ ដាក់ឈ្មោះហេង​ សុភ័ក្រ្ត និងពាក់សក្តិ​៣​-កាន់កាប់អាវុធខ្លីម៉ាក​K៥៤ លេខ១៩៥២បង់១-គ្រាប់៧គ្រាប់-អាយឌី​១គ្រឿង-ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ​ផ្លាកលេខ​ភ្នំពេញ​1JV-2940។ជនសង្ស័យបានធ្វើសកម្មភាពដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ក្នុងខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។

ជនសង្ស័យសារភាពថា ខ្លួនបានក្លែង​បន្លំ​ឯក​សណ្ឋាន​​អាវុធហត្ថ​ដើរប្រមូលលុយតាមកន្លែង​ម៉ាស្សាកោសជប់ និងកាន់កាប់អាវុធខុសច្បាប់ពិតប្រាកដមែន។កម្លាំងជំនាញនៃអាវុធហត្ថភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ