សេដ្ឋកិច្ច

តើ​អ្វី​ជា «​វិថី​ហិរញ្ញវត្ថុ​» ​Financial Street?

​ភ្នំពេញ ៖ វិថី​ហិរញ្ញវត្ថុ ដែល​ភាសា​អង់គ្លេស​ហៅថា​Financial Street គឺជា​កម្មវិធី​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ប្រកបដោយ​ទស្សនៈ និង​គោលដៅ​វែងឆ្ងាយ ​(Roadmap) ដោយ​ផ្តោត​សំខាន់​លើ​ច្បាប់ គោលរ​ការណ៍​ការពារ​អ្នកប្រើប្រាស់​ (Customer Protection) អក្ខរកម្ម​ហិរញ្ញវត្ថុ ​(Financial Literacy) សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​ប្រព័ន្ធ​ឌីជីថល (Digital Decurity) និង​ហានិភ័យ​នានា​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​។

ដើម្បី​សម្រេច​គោលដៅ​ដ៏​វែងឆ្ងាយ​និង​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា កម្មវិធី «​វិថី​ហិរញ្ញវត្ថុ​» ទទួលបាន​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ជាពិសេស​គឺ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) សមាគម​មីក្រូហិរញ្ញវត្ថុ សមាគម​ធនាគារ និង គ្រឹះស្ថាន​ហិរញ្ញវត្ថុ ចូលរួម​ជា​គំនិត សហការ​ផ្សព្វផ្សាយ និង​ជជែក​ពិភាក្សា​ដើម្បីឱ្យ​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ និង​ទូលំទូលាយ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​។​

​អ្នកស្រីនុត រដ្ឋា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន អប្សរា មេ​ឌាសឺ​វី​ស(AMS)នៅក្នុង​ឱកាស​ប្រកាស​បើកសម្ពោធ​ដំណើរការ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ វិថី​ហិរញ្ញវត្ថុ​នា​ព្រឹក​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២៣ បាន​មានប្រសាសន៍ថា​៖ «​ចក្ខុវិស័យ​សំខាន់​របស់ AMS គឺ​ផ្តល់នូវ​ព័ត៌មាន​ដែលមាន​គុណភាព​ខ្ពស់​ដល់​ទស្សនិកជន​គោលដៅ​និង​សាធារណជន​ទូទៅ​ទាំង​ក្នុងប្រទេស និង​ក្នុង​តំបន់​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ន​វា​នុ​វត្ត និង​ការប្រើប្រាស់​ធនធាន​ស្ថាប័ន​ប្រកបដោយ ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ធ្វើឱ្យ​អតិថិជន​មាន​ភាព​រីកចម្រើន តាមរយៈ​ការប្រើប្រាស់​សេវា​ផ្សព្វផ្សាយ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ក្រោម​មូលបទ​ស្នូល គុណភាព ភាពស្មោះត្រង់​ទុកចិត្តបាន​ព្រម​សីលធម៌​វិជ្ជាជីវៈ ប្ដេជ្ញាចិត្ត ច្នៃ​ប្រតិដ្ឋ និង​សហការ​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​រួម​។​»

​បច្ចុប្បន្ននេះ ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា មាន​ធនាគារពាណិជ្ជ ៦០ ធនាគារ​ឯកទេស ៩​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​៥​គ្រឹះ​ស្តា​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ៨២ គ្រឹះស្ថាន​ឥណទាន​ជនបទ ២២៤ គ្រឹះស្ថាន​ភតិសន្យា​ហិរញ្ញវត្ថុ ១៦ អ្នកដំណើរ​កា​រត​តិ​យ​ភាគី ៥ គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់ ៤ អ្នកផ្តល់​សេវា​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន១ការិយាល័យ​តំណាង​ធនាគារ​បរទេស៦ និង​អាជីវកម្ម​ប្តូរប្រាក់ ២ ៨៦៩​។ នៅ​ឆ្នាំ​២០២២​កន្លងទៅនេះ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​សម្រេចបាន​លទ្ធផល​ល្អ និង​បានរួម​ចំណែក​ យ៉ាងសំខាន់​ក្នុងការ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​ គាំទ្រ​ក៏​ណើ​ន​សេដ្ឋកិច្ច​ដែល​ត្រូវបាន​បាន​ស្មានថា​ងើប​ឡើងវិញ​ក្នុង​អត្រា ៥.១ %​។   អត្ រា​ប្ដូរ​ប្រាក់រៀល ធៀប​នឹង​ដុល្លារ​អាមេរិក​ត្រូវបាន​រក្សា​មាន​ស្ថិរភាព​ក្នុង​រង្វង់ ៤១០២​រៀល​ក្នុង​១​ដុល្លារ​អាមេរិក​ហើយ​អត្រា​អតិផរណា​ប្រចាំឆ្នាំ​២០២២ មាន​កម្រិត ៥,៥%​។ ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ បានផ្តល់​ឥណទាន ប្រមាណ​ជា ៥៦ ប៊ី​លាន​ដុល្លារ​អាមេរិក ជាមួយ​កំណើន ២១% ដោយ​ប្រាក់​បញ្ញើ​អតិថិជន​កើន​ជាង ១១% ឬ​ប្រមាណ​ជាង ៤៤​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ចំនួន​គណនី​ប្រាក់​បញ្ញើ​អតិថិជន​កើន​ពី ១២,៧​លាន​គណនី​ដល់​១៤,៣​លាន​គណនី និង​គណនី​ឥណទាន​អតិថិជន​ពី ៣,៤​លាន​គណនី ដល់ ៣,៧​លាន​គណនី​។

​លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ជា​ការពិត​ចំណេះដឹង​ហិរញ្ញវត្ថុ​គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង ណាស់​ដែល​អនុញ្ញាតឱ្យ​យើង​មាន​សមត្ថភាព​ក្នុង​ការចេះ​គ្រប់គ្រង​ចាត់ចែង​ហិរញ្ញវត្ថុ​ឱ្យបាន​ត្រឹមត្រូវ មាន​ប្រសិទ្ធភាព និង​រួច​ផុតពី​បំណុល​ច្រើន​លើសលប់​។​ពេលដែល​យើង​និយាយ​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ គឺមាន​ភាពទូលំទូលាយ​ខ្លាំង ដែល​រួមមាន ការចេះ​រៀបចំ​ទុកដាក់​លុយកាក់ ចាត់ចែង​ចំណូល​ចំណាយ​ការ​រក្សាទុក​ប្រាក់​សន្សំ ការចេះ​គ្រប់គ្រង និង​ប្រើប្រាស់​ប្រាក់កម្ចី​ឱ្យ បាន​ត្រឹមត្រូវ ដើម្បី​ភាព​រីកចម្រើន​ជាដើម​។ យ៉ាងណាមិញ យើង​សង្កេតឃើញថា​បច្ចុប្បន្ន​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងចំណោម​ប្រជា ជន​កម្ពុជា ហាក់​នៅមានកម្រិត​នៅឡើយ​។​» លោក​បាន​បន្ថែមថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាននិងកំពុង​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ជាពិសេស​ធនាគារជាតិ​នៃ​កម្ពុជា លើ​កិច្ចការ​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ដើម្បី​ចូលរួម​លើកកម្ពស់​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​។ កិច្ចការ​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​សាធារណៈជន​មិន​ត្រឹមតែ​ជា​កិច្ចការ​មួយផ្នែក​របស់​សមាគម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមាគម​បានដាក់​ការងារ​នេះ​ជា​ការងារ​អាទិភាព​ដ៏​សំខាន់ ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​សមាគម​ផ្ទាល់​រហូតមក​ផងដែរ​។​

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី បានបង្ហាញ​នូវ​ក្តី​សោមនស្ស​ក្រៃលែង ដែល​បាន​ចូលរួម​គាំទ្រ​កម្មវិធី វិថី​ហិរញ្ញវត្ថុ​» ដោយ​លោក​បាន​បញ្ជាក់ថា​៖ «​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវបាន​ទទួលស្គាល់ថា ជា​កាតាលីករ​ដ៏​សំខាន់ ដែល​អាច​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​និង​កាត់បន្ថយ​ការខ្ចី​បំណុល​លើសលប់​។ ដោយ​មើលឃើញ​ពី​សារសំខាន់​នេះហើយ ទើប CBC បានកំណត់​យក​ការជំរុញ​ការយល់ដឹង​និង​ចំណេះដឹង​ហិរញ្ញវត្ថុ​ជា​អាទិភាព​មួយ​ក្រោម​គម្រោង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ដែលជា​ចន្ទល់​មួយ ដើម្បី​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ឆ្នាំ​២០១៩-២០២៥​។​ដើម្បី​សម្រេច​នូវ​អាទិភាព​នេះ ស៊ី​ប៊ី​ស៊ី បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ជំរុញ​ការយល់ដឹង និង​ចំណេះដឹង​ហិរញ្ញវត្ថុ​និង​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ តាមរយៈ​សកម្មភាព​មាន​ជាអាទិ៍ ១. ការអប់រំ និង​បណ្តុះបណ្តាល ២. ការលើកកម្ពស់​អក្ខរកម្ម​ហិរញ្ញវត្ថុ ៣. ការផ្សព្វផ្សាយ ៤.​ការបង្កើត​វេទិកា​ឌីជី ថល និង ៥. ការស្រាវជ្រាវ​» ។​

ជាមួយគ្នានេះ លោក​រ៉េ​មិន ស្យា ( Raymond SIA )​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ផងដែរ​ថា​៖​លោក​មក​រស់នៅ​ប្រទេស​កម្ពុជា ៥ ឆ្នាំ ហើយ​លោក​បានឃើញ​មាន​កំណើនសេដ្ឋកិច្ច​នៅទីនេះ​។ កំណើន​នេះ​នឹង​បន្ត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​ដូច​នៅ ក្នុង​ទីផ្សារ​មួយចំនួន​ដែល​កំ​ពុ​រីកចម្រើន​ដែរ ដែលមាន​និរន្តរភាព​នៃ​សេដ្ឋកិច្ច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កំណើន​ត្រូវបាន​ព្យាករ ណ៍​លើក​ត្តា​មួយ ចំនួន ដែល​រួមមាន​តម្លៃ និង​កំណើន​នៃ​មូលធន​របស់​ធនធាន​មន​ស្ស​។ ដោយ​ផ្អែកទៅលើ​ទិដ្ឋភាព​បែបនេះ វា​គឺ​សំខាន់​នៅពេល​ដើម្បី​កំណើនសេដ្ឋកិច្ច​រីកចម្រើន ទ្រព្យសម្បត្តិ​ប្រជាជន​ក៏​រីកចម្រើន​ចំណេះដឹង​មនុស្ស​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ក៏​រីកចម្រើន​ផងដែ​។ របៀប​ដែល​មនុស្សម្នា​ក់បាន​វិនិយោគ ឬ​សន្សំ​កាល​ពីមួយ​ទសវត្សរ៍​មុន គឺ​ខុសពី​ថ្ងៃនេះ ហើយ​វា​នឹង​បន្ត​ផ្លាស់ប្តូរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ដោយសារ​ជម្រើស​នៃ​ការវិនិយោគ ឬ​សន្សំ​កាន់តែច្រើន​ត្រូវបាន​បង្កើត​ឡើងជា​បន្ត​បន្ទាប់​។​»

​សូមជម្រាបថា​៖​វិថី​ហិរញ្ញវត្ថុ គឺជា​កម្មវិធី​ដ៏​សំខាន់​មួយ​ដែល​ចែកចាយ​ចំណេះដឹង​ការយល់ដឹង​និង​ជំរុញ​ចំណេះដឹង​ឲ្យ​កាន់តែ​ប្រសើរឡើង​ខាង​ផ្នែ​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​ធនាគារ ក៏ដូចជា​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ​។ កម្មវិធី​នេះ​គឺជា​វេទិកា​មួយ​ដែល​អ្នកជំនាញ​នៅក្នុង​វិ​ស័​ហិរញ្ញវត្ថុ​នឹង​មក​ចែករំលែក​បទពិសោធន៍​ស្តីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុនិង​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​សាធារណជន​ក្នុងការ​ប្រើប្រាស់​ ហិរញ្ញវត្ថុ​របស់​ពួកគេ​។​

​លោក ហេង បូម​ករា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​នៃ ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា កម្មវិធី «​វិថី​ហិរញ្ញវត្ថុ​»​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន AMS ពិត​ជាមាន​សារសំខាន់​ក្នុងការ​ចូលរួម​លើកកម្ពស់​ហិរញ្ញវត្ថុ និង​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជា ពលរដ្ឋ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ទូលំទូលាយ​។​លោក​បាន​បន្តថា​៖​តាមរយៈ​កម្មវិធី វិថី​ហិរញ្ញវត្ថុ ដែលមាន​ការចូលរួម​គាំទ្រ​ដោយ​សមា គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សមាគម​ធនាគា​នៅ​កម្ពុជា ក្រុមហ៊ុន ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) រួម​ជាមួយនឹង​ធនាគារជាតិ​នៃ​កម្ពុជា​លោក​ជឿជាក់ថា​នឹង​ក្លាយជា​មធ្យោបាយ​ដ៏​ល្អ និង​មាន​ប្រសិទ្ធភាព​មាន​វិសាលភាព​ទូលាយ​ក្នុងការ​ផ្សព្វផ្សាយ​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ​តាមរយៈ បណ្តាញ​ផ្សព្វ ផ្សាយ​ឌីជីថល​នេះ ជាពិសេស​ផ្តល់នូវ​ការយល់ដឹង​កាន់តែច្បាស់​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​សេវា​ឥណទាន​ដែល​ស្របច្បាប់​និង​ទទួលបាន​អត្ថបទ​ប្រយោជន៍​ខ្ពស់​»​។

​គួរបញ្ជាក់​ផងដែរ​ថា «​វិថី​ហិរញ្ញវត្ថុ​» ដែលមាន​ចំនួន ២០​ភាគ នឹងត្រូវ​ចាក់​បញ្ចាំង​ផ្សាយ​ជា​សាធារណៈ​រាងរាល់​សប្តាហ៍​ចាប់ពី​ខែមេសា តាម​បណ្តាញ​ព័ត៌មាន AMS ជាមួយ​បណ្តាញ​សង្គម​របស់​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) សមាគម​ធនាគា​នៅ​កម្ពុជា (ABC) ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី (CBC) ព្រមទាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មួយចំនួនធំ​នៅ​កម្ពុជា​៕ដោយៈសិរីមតី