សន្ដិសុខសង្គម

ក្រោយកែសម្ផស្សធ្វើឱ្យស្ត្រីម្នាក់ស្លាប់ ម្ចាស់មជ្ឈមណ្ឌលបានរត់គេចខ្លួនបាត់

ភ្នំពេញ​៖ ស្ត្រីម្នាក់បានចូលទៅកែសម្ផស្សក្នុង“មជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិM25” ទំនងខុស​បច្ចេកទេស ធ្វើឱ្យស្ត្រីរូបនោះបានស្លាប់ភ្លាមៗ។ចំណែកម្ចាស់ទីតាំងក៏រត់គេចខ្លួនបាត់។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កាលពីម៉ោងជិត១០យប់ ថ្ងៃទី៣ ខែមីនា មានការភ្ញាក់ផ្អើល​ដោយបែកធ្លាយថា មានស្ត្រីម្នាក់អាយុប្រមាណ៤០ឆ្នាំ បានដេកស្លាប់នៅបន្ទប់ជាន់ទី១​នៃ“មជ្ឈមណ្ឌលកែសម្ផស្ស​ អន្តជាតិM25”។ទីតាំងនោះស្ថិតនៅតាមផ្លូវបេតុង ក្រុម២៤២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។​

ព័ត៌មានដែលកើតឡើងនោះបញ្ជាក់ថា ស្ត្រីរងគ្រោះបានមកមជ្ឈមណ្ឌលកែសម្ផស្សអន្តជាតិM25 នេះដើម្បីកែសម្ផស្សផ្នែកសុដន់។ក្នុងនោះសង្ស័យមកពីកែដើមទ្រូងទំនងខុសបច្ចេកទេស​ទើបបណ្តាលឱ្យស្ត្រីរងគ្រោះបានស្លាប់។បន្ទាប់មកម្ចាស់មជ្ឈមណ្ឌលមិននៅទទួលខុសត្រូវទេ​ក៏រត់គេចខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញផ្នែកបច្ចេកទេសកោសល្យវិច័យរាជធានីភ្នំពេញ​បានចុះពិនិត្យ​និងបន្តស្វែងរកការពិតនៃការស្លាប់របស់ស្ត្រីនេះ។ពាក់ព័ន្ធករណីខាងលើ ក្រុមការងារសារព័ត៌មាន Cambodia Flash News មិនអាចសុំការបំភ្លឺពីតំណាងមជ្ឈមណ្ឌល​កែសម្ផស្សអន្តជាតិM25 បាននៅឡើយទេ។សារព័ត៌មានយើងរង់ចាំទទួលការបញ្ជាក់ច្បាស់លាស់​ដើម្បីផ្សាយបន្តពេលក្រោយ៕ដោយ៖វិចិត្រ