ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌សាធារណរដ្ឋកូរ៉េ នៅតែបន្តកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌

សៀមរាប៖ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត ហង់ ពៅ បានជួបពិភាក្សាជាមួយលោក Choi Eubg-chon អគ្គនាយករដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ(CHA)កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការ នៃកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌​ជាមួយគ្នា​តទៅមុខទៀត សម្រាប់កិច្ចការនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិក​ភណ្ឌពិភពលោក។

នៅក្នុងជំនួបពិភាក្សាគ្នានោះ អគ្គនាយករដ្ឋបាលនៃបេតិកភណ្ឌវប្បធម៌កូរ៉េ លោកChoi Eung-chon បានរំលឹកថា ចាប់តាំងពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន សាធារណរដ្ឋកូរ៉េ បានចូលរួមសហការជួយ​លើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពធនធាន​មនុស្សសម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌបានយ៉ាងច្រើន។ មន្ត្រីរដ្ឋបាលនៃបេតិកភណ្ឌវប្បធម៌កូរ៉េ បានឱ្យដឹងទៀតថា កន្លងមកកូរ៉េបានជួយលើការងារជាច្រើនដូចជាការជួសជុលក្រុមប្រាសាទព្រះពិធូរ ព្រលានជល់ដំរី ព្រមទាំងបង្ហាញពីគោលបំណងជួយជួសជុលខឿនរួតបាកាណនៃប្រាសាទ​អង្គរវត្តនាពេលអនាគតផង។

អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត ហង់ ពៅ បានថ្លែងអំណរគុណចំពោះស្ថាប័នបេតិកភណ្​ឌវប្បធម៌កូរ៉េដែលបាននិងកំពុងជួយលើកិច្ចការអភិរក្ស រមណីយដ្ឋានអង្គរ និងជួយបណ្ដុះបណ្ដាលមន្រ្តី​អាជ្ញាធរជាតិអប្សរាដែលជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានមនុស្សសម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌនេះ។

លោកបណ្ឌិត ហង់ ពៅ ក៏បានស្នើឱ្យភាគីកូរ៉េ ពិចារណានិងជួយចែករំលែកបច្ចេកទេសនិង​ជំនាញផ្សេងៗ​ពាក់ព័ន្ធនឹងកិច្ចការសារមន្ទីរ ដូចជាការគ្រប់គ្រង ការថែរក្សាវត្ថុដែលយកមក​រក្សាទុកនានាឱ្យបានគង់វង្ស និងស្ថិតស្ថេរយូរអង្វែងផងដែរ៕