សន្ដិសុខសង្គម

មិនទាន់ចាប់បានរថយន្តកិនមីងនិងក្មួយបណ្តាលឱ្យស្លាប់ទាំង២នាក់

កំពង់ស្ពឺ៖រហូតមកដល់រសៀលថ្ងៃទី៣ ខែមីនានេះ សមត្ថកិច្ចមិនទាន់ចាប់បានអ្នកបើករថយន្ត​កិនមីងនិងក្មួយឱ្យស្លាប់នៅឡើយ បន្ទាប់កំពុងជិះម៉ូតូគោរត់បុកដួលខ្ទាតមនុស្សចូលក្រោមរថយន្ត។គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២ ខែមីនា។

មន្ត្រីនគរបាលឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះហ៊ីម គឹមស្រស់ អាយុ២៧ឆ្នាំ នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងឈ្មោះសេង ភុំ អាយុ៤១ឆ្នាំ ជាម្តាយមីងនៅភូមិ​ឃុំជាមួយគ្នា។

មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1CC-9619 តាមផ្លូវជាតិលេខ៥១​ពីត្បូងទៅជើង។  លុះមកដល់កន្លែងខាងលើ ស្រាប់តែមានគោរត់ឆ្លងផ្លូវមកបុកម៉ូតូបណ្តាលឱ្យដួលខ្ទាត​មនុស្សចូលក្រោមរថយន្តម៉ាកឡិចស៊ីសបើកមកពីក្រោយកិនស្លាប់ទាំង២នាក់តែម្តង។ក្រោយបង្កហេតុ តៃកុងបានបន្ថែមល្បឿនរត់គេចខ្លួនបាត់៕ដោយ៖វិចិត្រ