អន្តរជាតិ

មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner អះអាងថាបានវាយចូលដល់ជិតកណ្តាលក្រុងBakhmut ហើយ

មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានអះអាងថា បានវាយចូលជិតដល់កណ្តាលនៃទីក្រុងBakhmutហើយ ដោយមានសេចក្តីសាទរយ៉ាងខ្លាំង ខណៈខាងអ៊ុយក្រែនកំពុងទប់ទល់យ៉ាងលំបាក។

យោងតាមសេវាសារព័ត៌មានរបស់លោក Yevgeny Prigozhin មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានផ្សាយតាមបណ្តាញតេលេក្រាមកាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៣ សមាជិកនៃទាហាន​ស៊ីឈ្នួលរុស្ស៊ីហាក់សំដែងក្តីរីករាយយ៉ាងខ្លាំង បានសើច និងលេងតន្រ្តី ក្នុងការពិពណ៌នា​ជោគជ័យវាយលុកក្នុងភូមិសាស្រ្តបាក់មុតនៃខេត្តដូណេត។ សេចក្តីរាយការណ៍បានបន្តថា ទាហានស៊ីឈ្នួលរុស្ស៊ីបានកំពុងវាយជិតដល់ចំណុចកណ្តាលនៃបាក់មុតហើយ ខណៈដែលកងកម្លាំងអ៊ុយក្រែនកំពុងស្ថិតក្រោមសម្ពាធ។ កងកម្លាំងអ៊ុយក្រែនត្រូវបានគេ​រាយការណ៍ថាកំពុងឈរជើងនៅក្នុងទីតាំងរបស់ពួកគេទប់ទល់យ៉ាងលំបាកជាទីបំផុតនៅ Bakhmut។

បើតាមសម្រង់សម្ដីពីរដ្ឋាភិបាលអ៊ុយក្រែន កងកម្លាំងនឹងសម្រេចចិត្តផ្អែកលើកត្តាសំខាន់ចុងក្រោយ ស៊ូមិនឲ្យយុទ្ធជនពលីដោយឥតប្រយោជន៍ឡើយ ខណៈជម្រើសបន្ទាន់អាចនឹងត្រូវ​ដកទ័ពចេញជាយុទ្ធសាស្រ្តពីនោះ។ ទាហានអ៊ុយក្រែនបានប្រាប់សារព័ត៌មានបារាំង FRANCE24 ថា រុស្ស៊ីសម្រុកវាយចូលគ្រប់ច្រកនៃបាក់មុត រុស្ស៊ីរុលមួយថ្ងៃបានជិត១០០ម៉ែត្រ តែយ៉ាងណាអ៊ុយក្រែននឹងបន្តខិតខំឲ្យអស់ពីសមត្ថភាព៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា