សន្ដិសុខសង្គម

ដាក់គុកកូនតុងទីនម្នាក់កើបលុយរាប់សែនដុល្លារប្រុងរត់គេចខ្លួន

ភ្នំពេញ៖តុលាការភ្នំពេញ កាលពីរសៀលថ្ងៃទី២ ខែមីនា បានឃុំខ្លួនកូនតុងទីនម្នាក់ករណីកើបលុយ​រាប់សែនដុល្លារប្រុងរត់គេចខ្លួន ត្រូវដាក់ពន្ធនាគារព្រៃសPJ ជាបណ្តោះអាសន្ន។

តាមដីកាឃុំខ្លួនបានដាក់ឱ្យជនត្រូវចោទស្ថិតក្រោមការត្រួតពិនិត្យពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបញ្ញតិ្តមាត្រា២៣១ ជាបទល្មើសព្រហ្មទណ្ឌ។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជាកូនតុងទីនត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភៈ ពាក់ព័ន្ធករណីកើបលុយតុងទីនបានរាប់សែនដុល្លារហើយព្យាយាមរត់គេចខ្លួន។ជនសង្ស័យឈ្មោះភ័ណ្ឌ ស៊ីវម៉ី អាយុ ២៧ ឆ្នាំ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ការចាប់ខ្លួនកូនតុងទីនម្នាក់នេះ អនុត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តុលាការភ្នំពេញ ពាក់ព័ន្ធពីបទចេញសែកស្អុយជាង៣០ម៉ឺនដុល្លារតាមពាក្យបណ្តឹងរបស់ឈ្មោះ គង់ ណាក់នីន។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះភ័ណ្ឌ ស៊ីវម៉ី បានសារភាពថា លុយចំនួន៣៣០.០០០ដុល្លារ នោះខ្លួនបានខ្ចីគេយកទៅរកស៊ីតាមអនឡាញខ្លះ និងលេងតុងទីនខ្លះ ដែលការលេងតុងទីនខ្លួនបានកើបយកលុយពីមេអស់ហើយ៕ដោយ៖វិចិត្រ