សេដ្ឋកិច្ច

កូរ៉េខាងត្បូងប្តេជ្ញាជំរុញវិស័យការនាំចេញ ទាក់ទាញភ្ញៀវទេសចរ

ដោយ៖តុលា

រដ្ឋាភិបាលកូរ៉េខាងត្បូងឈានចូលខែមីនានេះ បានសន្យាថានឹងជំរុញការនាំចេញ និងទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន ខណៈដែលទីភ្នាក់ងារស្ថិតិរបស់ប្រទេសបានចេញផ្សាយទិន្នន័យខែមករាបង្ហាញពីការរំពឹងទុកដ៏អាប់អួរក្នុងវិស័យសេដ្ឋកិច្ច។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Choo Kyung-ho បាននិយាយនៅក្នុងកិច្ចប្រជុំមន្ត្រីថា លទ្ធភាពនៃការស្ទុះងើបឡើងវិញនៃការនាំចេញរបស់កូរ៉េខាងត្បូងនៅមានកម្រិត ប៉ុន្តែថារដ្ឋាភិបាលនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃការដឹកជញ្ជូនទៅកាន់ទីផ្សារផ្សេងទៀត។ លោកក៏បាននិយាយផងដែរថា រដ្ឋាភិបាលនឹងធ្វើការដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសបន្ថែមទៀត ដោយមកទល់ពេលនេះនៅឆ្នាំនេះមានប្រហែលត្រឹម ៤០ភាគរយប៉ុណ្ណោះ បើធៀបកាលមិនទាន់មានកូវីដ-១៩។

ដោយឆ្លុះបញ្ចាំងពីអារម្មណ៍ពុះកញ្រ្ចោលនៅក្នុងរដ្ឋាភិបាល រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូងបានកោះប្រជុំបន្ទាន់ដាច់ដោយឡែកពីមន្ត្រីមកពីក្រសួងស្ទើរតែទាំងអស់ ដើម្បីជំរុញការនាំចេញបន្ថែមទៀត។ សេចក្តីថ្លែងការណ៍មួយបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល លោក Lee Chang-yang ដែលជំរុញឱ្យអ្នកចូលរួម “ស្វែងរកមធ្យោបាយជាក់ស្តែង និងដាក់រាល់ថាមពល” ដើម្បីបង្កើនការនាំចេញ។

ការព្យាករផ្លូវការរបស់ប្រទេសកូរ៉េខាងត្បូងគឺសម្រាប់ការនាំចេញនឹងធ្លាក់ចុះ ៤.៥ភាគរយ ក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន។ ការនាំចេញសម្រាប់ខែមករា និងខែកុម្ភៈបានធ្លាក់ចុះ ១២ភាគរយ រួចហើយ។ ទិន្នន័យស្ថិតិរបស់ប្រទេសកូរ៉េបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ីអាចឈានទៅរកការធ្លាក់ចុះ ជាមួយនឹងសន្ទស្សន៍ស្របគ្នា ដែលបានកែតម្រូវតាមវដ្តគណនាពីសូចនាករសេដ្ឋកិច្ចបច្ចុប្បន្ន – ធ្លាក់ចុះនៅក្នុងខែមករាសម្រាប់ខែទី ៤ជាប់ៗគ្នា។ សេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះប្រមាណ ០.៤ភាគរយនៅក្នុងត្រីមាសទី៤ឆ្នាំ ២០២២ ធៀបនឹងត្រីមាសមុន ដោយសារការនាំចេញបានធ្លាក់ចុះ៕ប្រភព៖REUTERS