អន្តរជាតិ

អ៊ុយក្រែនអះអាងថា២៤ម៉ោងចុងក្រោយសម្លាប់ទាហានរុស្ស៊ីបានជាង ៧០០នាក់

កងកម្លាំងអ៊ុយក្រែននៅ២៤ម៉ោងចុងក្រោយនេះ ក្នុងពេលដែលស្ថានការណ៍សមរភូមិកំពុងឡើង​កម្តៅ​ខ្លាំង ស្រាប់តែបានរាយការណ៍មកថា បានសម្លាប់ទាហានរុស្ស៊ីបានជាង ៧០០នាក់ និងកម្ទេចរថពាសដែក​២០គ្រឿង។

នេះបើតាមប្រភពអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ផ្សាយតាមបណ្តាញសង្គម Facebook នៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៣។ ក្នុងនោះបាននិយាយលម្អិតថា បានសម្លាប់ទាហាន​ឈ្លានពានរុស្ស៊ីបានប្រហែល ៧១៥នាក់ និងបំផ្លាញរថក្រោះចំនួន២០គ្រឿង ដែលធ្វើឲ្យបច្ចុប្បន្នចំនួន​ទាហានរុស្ស៊ីដែលបានបាត់បង់ចាប់តាំងពីសង្រ្គាម២៤កុម្ភៈ ២០២២កើនដល់ ១៥០.៦០៥ នាក់ ខណៈរថពាសដែកកើនឡើងចំនួន ៦.៦៥៨ គ្រឿង។ ព័ត៌មានបន្ថែម ប្រភពនេះមិនបានបញ្ជាក់ឲ្យដឹងថា តើទាហានរុស្ស៊ីដែលស្លាប់នោះភាគច្រើននៅម្តុំណា ចំណុចភូមិសាស្រ្តណានោះទេ។ របាយការណ៍កំពុងត្រូវបានផ្ទៀងផ្ទាត់បណ្តើរៗដោយភ្នាក់ងារកាសែតអន្តរជាតិ ព្រោះសមរភូមិកំពុងប្រព្រឹត្តខ្លាំងនៅទីក្រុងបាក់មុត ខេត្តដូណេត។ កងកម្លាំងអ៊ុយក្រែនបាននិយាយថា រុស្ស៊ីសម្រុកដាក់សម្ពាធវាយចូលក្នុងមួយថ្ងៃវាយរុលប្រហែលជិត១០០ម៉ែត្រ។ អ្នកតស៊ូអ៊ុយក្រែនកំពុងទប់ទល់តាមដែលធ្វើទៅបាន។

ចំណែកខាងរុស្ស៊ី គេនៅមិនទាន់ដឹងថាតើបានសម្លាប់ទាហានអ៊ុយក្រែនបានប៉ុន្មាននាក់ដែរទេ។ នៅចុងខែធ្នូ ទីប្រឹក្សាអ៊ុយក្រែន លោក Podolyak បាននិយាយថា ចំនួនទាហានអ៊ុយក្រែនដែលត្រូវ​បានសម្លាប់នៅក្នុងសង្គ្រាមអាចមានប្រហែល ១៣.០០០នាក់ប៉ុណ្ណោះ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា