សន្ដិសុខសង្គម

ស្ត្រីម្នាក់អាចមានបញ្ហាសុខភាព ជិះម៉ូតូបុកគល់ស្ពាន រងរបួសធ្ងន់

ស្ទឹងត្រែង៖ស្ត្រីម្នាក់ទំនងមានបញ្ហាសុខភាព បានជិះម៉ូតូជ្រុលបុកគល់ស្ពានមិត្តភាពកម្ពុជា-ចិន សេកុងស្ទឹងត្រែងត្រើយខាងកើតបណ្តាលឱ្យរងរបួសធ្ងន់។ហេតុការណ៍នោះស្ថិតនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី២ ខែមីនា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងគេឃើញមានម៉ូតូចតចោលនៅក្បែរគល់ស្ពាន។ភ្លាមនោះមិនទាន់មានអ្នកស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះនៅឡើយ ដោយគ្រាន់តែដឹងថា ស្ត្រីរូបនោះនៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ពេលម៉ូតូជួបគ្រោះថ្នាក់ គេឃើញស្ត្រីរងគ្រោះបានរមៀលធ្លាក់ចុះតាមចំណោតទៅក្រោម​គល់ស្ពានជាច្រើនម៉ែត្របណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។រីឯម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខព្រៃវែង1S6947 រងការខូចខាតយ៉ាងដំណំ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីខាងលើនេះគាត់មានជំងឺលើសឈាម។ពេលកំពុងជិះម៉ូតូទំនងជាវិលមុខ ទើបជួបគ្រោះថ្នាក់ដោយខ្លួនឯងបែបនេះ៕ដោយ:សុខុម