សន្ដិសុខសង្គម

រថយន្តបែកកង់បុករះម៉ូតូ២គ្រឿង បណ្ដាលឱ្យយោធា២នាក់ស្លាប់ និងសិស្ស២នាក់របួសធ្ងន់

បន្ទាយមានជ័យ៖រថយន្តតូយូតាព្រូសពេលកំពុងបើកបរបានបែកកង់ ក៏រេចង្កូតបុករះម៉ូតូចំនួន២គ្រឿង បណ្តាលឱ្យមន្ត្រីយោធា២នាក់ស្លាប់ និងសិស្សស្រី២នាក់រងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនោះ​បានកើតឡើង​នៅតាមផ្លូវជាតិលេខ៥ ភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១ ខែមីនា។

មន្ត្រីនគរបាលបានឱ្យដឹងថា មុនកើតហេតុ រថយន្តព្រូសបើកក្នុងល្បឿនលឿនតាមផ្លូវជាតិលេខ៥។មកដល់កន្លែងខាងលើបានផ្ទុះកង់ក៏រេចង្កូតទៅបុកម៉ូតូ២គ្រឿង បណ្តាលឱ្យយោធា២នាក់ស្លាប់ភ្លាម។ជាមួយនោះបណ្តាលឱ្យសិស្សស្រី២នាក់រងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកទៅមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះបន្ទាន់។ចំណែករថយន្តព្រូសផ្លាកលេខភ្នំពេញ -2AG-5701មានអ្នករួមដំណើរ៤នាក់ តៃកុងបានរត់គេចខ្លួនបាត់។

បន្ទាប់ពីមានគ្រោះថ្នាក់ នគរបាលចរាចរណ៍បានចុះពិនិត្យវាស់វែង រួចយករថយន្តបង្កនិងម៉ូតូ​២គ្រឿងទៅទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ហើយបន្តរកអ្នកបើកបរយកមក​ដោះស្រាយតាមច្បាប់៕ដោយ៖វិចិត្រ