សេដ្ឋកិច្ច

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ប្រមូល​ចំណូល​បាន​សរុបជិត ១១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​

ភ្នំពេញ​៖ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា៖​ចាប់តាំងពី​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ មកដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣​ចរាចរណ៍​សរុប​បាន​ឆ្លងកាត់​លើផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ចំនួន ជិត​១,៩​លាន ក្នុងនោះ មាន​ប្រមាណ ជាង ១,៤​លាន ដែល​គិត​កម្រៃ​សេវា ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២២ មកទល់​ចុងខែ​កុម្ភៈ ឆ្នាំ​២០២៣ និង​ប្រមូល​ចំណូល​បាន​សរុប ជិត ១១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

ទាក់ទង​នឹង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​ក្រុមហ៊ុន CPEC ​ពង្រឹង​ការ​ឃោសនា​អប់រំ​ទាក់ទង​នឹង​ការបើកបរ​លើផ្លូវ​ល្បឿន​លឿន ឱ្យបាន​កាន់​ទូលំទូលាយ​ទៅកាន់​សាធារណជន និង​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ប្រចាំការ​ក្នុងការ​អនុវត្ត​វិធាន​ច្បាប់​ឱ្យបាន​តឹងរឹង​ចំពោះ​បទល្មើស​ចរាចរណ៍ ជាពិសេស​លើ​ករណី​ការបើកបរ​បញ្ច្រាសទិស​។​

​ដោយឡែក​ចំពោះ​គំនូស​សញ្ញា​បែងចែក​គន្លង​ផ្លូវ​នៅតាម​ស្ថានីយ តម្រូវឱ្យ​មានការ​គូស​ឱ្យបាន​ច្បាស់ និង​កំណត់​ឱ្យបាន​វែង​ជាង​មុន ដើម្បី​ងាយស្រួល​ចំពោះ​អ្នកបើកបរ​ចូល​តាម​គន្លង​នីមួយៗ បញ្ចៀស​ការចូល​ខុស​គន្លង ដែលជា​ហេតុ​បណ្តាលឱ្យមាន​ការកកស្ទះ​។ ជាមួយគ្នានេះដែរ ទាក់ទង​នឹង​សោ​ភណ្ឌ​ភាព អនាម័យ និង​សេវាកម្ម នៅតាម​ទីតាំង​ឈប់សម្រាក​នានា តម្រូវឱ្យ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់ ។​

ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅតែ​បន្ត​យកចិត្តទុកដាក់​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ ដើម្បី​លើកកម្ពស់​ការផ្តល់សេវា​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ឱ្យ​កាន់​តែមាន​ភាពរលូន ព្រមទាំង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ជា​បន្ត​បន្តា​ប់​ដើម្បី​ជំរុញ​ឱ្យចំ​នួន​ចរាចរណ៍​កាន់តែ​មានកា​រ​កើនឡើង ក៏ដូចជា​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​តាមរយៈ​ចំណូល​ពន្ធ​ផងដែរ​៕​ដោយៈសិរីមតី