អន្តរជាតិ

ប្រេងឡើងថ្លៃ​ខណៈរោងចក្រចិនមានតម្រូវការខ្ពស់

កាលពីថ្ងៃពុធ បើយោងតាមរូបភាពមើលពីលើអាកាសបានបង្ហាញអំពីរូបភាពនៃទូកដែលកំពុងតែ​ជួយទាញនាវាដឹកប្រេងឆៅចូលចតនៅចំណតស្តុកប្រេង ក្បែរកោះ Waidiao ក្នុងទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេសចិន ចាប់តាំងពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២  បន្ទាប់ពីមានសន្ទុះនៃការកើនឡើង​យ៉ាងខ្លាំងផ្នែកឧស្សហកម្មផលិតនៅប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅលំដាប់កំពូល​នៅលើពិភពលោក​បានលើកកម្ពស់ទស្សនវិស័យសម្រាប់គាំពារនូវតម្រូវការប្រេងជាសាកល។

យោងតាមការធ្វើសន្ទស្សន៍ផ្លូវការបានបង្ហាញឲ្យឃើញកាលពីថ្ងៃពុធនេះថា សកម្មភាពផលិតកម្ម​របស់ប្រទេសចិនបានពង្រីកខ្លួនក្នុងល្បឿនមួយយ៉ាងលឿនបំផុតនៅក្នុងរយៈពេលជាងមួយទសវត្សរ៍គិតមកត្រឹមខែកុម្ភៈនេះ វាជាក្តីសង្ឃឹមបន្ថែមទៀតចំពោះការងើបឡើងវិញរបស់ប្រទេសនេះដែលអាច​ជួយប៉ះប៉ូវដល់ការធ្លាក់ចុះជាសកល និងជួយបង្កើនតម្រូវការប្រេងថែមទៀត។

ប្រេងឆៅ Brent បានកើនឡើង ៤៥ សេន ឬ ០.៥% រហូតដល់ $៨៣.៩០ ក្នុងមួយបារ៉ែលនៅ ០៩១០ GMT ។ ប្រេងឆៅរបស់អាម៉េរិក West Texas Intermediate (WTI) បានកើនឡើង ៤៩ សេន ឬ ០.៦% ដល់ ៧៧.៥៤ ដុល្លារ។

លោក Stephen Brennock ឈ្មួញកណ្តាលប្រេង PVM បាននិយាយថា “សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុង​ងើបឡើងវិញក្នុងពេលនេះ ដែលគ្រាន់តែជាកត្តាជំរុញប្រកបដោយវិជ្ជមានចំពោះតម្លៃប្រេង” ។

ខណៈពេលដែលសន្ទស្សន៍នៃកាគ្រប់គ្រងលើការទិញជាផ្លូវការរបស់ប្រទេសចិន (PMI) បានកើនឡើងដល់ ៥២.៦ កាលពីខែមុនធៀបនឹង ៥០.១ នៅក្នុងខែមករា តាមការស្ទង់មតិផ្នែក​ឯកជនក៏បានបង្ហាញឲ្យឃើញពីសកម្មភាពនៃកំណើនជាលើកដំបូងនៅក្នុងរយៈពេលប្រាំពីរខែ។

អ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន IG លោក Yeap Jun Rong បាននិយាយថា “ការកើនឡើងមួយផ្នែកទៀតដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុង PMI របស់ប្រទេសចិនបានដាក់ទំនុកចិត្តលើការហក់ឡើងវិញយ៉ាងខ្លាំងក្លាជាងការរំពឹងទុក ដែលជាផ្នែកមួយជំរុញដល់ទស្សនវិស័យគាំពារលើតម្រូវការប្រេងប្រកបដោយសុទិដ្ឋិនិយម” ។

សញ្ញាដែលជាតម្រូវការរបស់ប្រទេសចិនគឺត្រូវបានទូទាត់ដោយសញ្ញាកំណើនលើការផ្គត់ផ្គង់ជាមួយនឹងរបាយការណ៍ឧស្សាហកម្មដែលចង្អុលបង្ហាញពីកំណើនរបស់ស្តុកប្រេងឆៅនៅក្នុងសហរដ្ឋអាម៉េរិកដែលជាអ្នកប្រើប្រាស់លំដាប់កំពូលរបស់ពិភពលោក។

ស្តុកប្រេងរបស់សហរដ្ឋអាម៉េរិកបានកើនឡើងចំនួន ៦.២ លានបារ៉ែលក្នុងសប្តាហ៍ដែលបាន​បញ្ចប់នៅថ្ងៃទី ២៤ ខែកុម្ភៈ នេះបើយោងតាមប្រភពទីផ្សារដែលដកស្រង់តួលេខរបស់វិទ្យាស្ថាន​ប្រេងអាម៉េរិក (API) កាលពីថ្ងៃអង្គារ។

បើយោងតាមតួលេខសារពើភណ្ឌជាផ្លូវការរបស់រដ្ឋបាល បានរាយការណ៍មកថា ថាមពលរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក (EIA) នឹងដល់កំណត់នៅវេលាម៉ោង ១៥៣០ GMT ។

បើតាមការចង្អុលបង្ហាញមួយផ្សេងទៀតលើកំណើននៃការផ្គត់ផ្គង់ ការផលិតប្រេងឆៅដោយ​អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានកើនឡើងរហូតដល់ទៅ ១៥០,០០០ បារ៉ែលក្នុងមួយថ្ងៃកាលពីខែកុម្ភៈ នេះបើយោងតាមការស្ទង់មតិរបស់ Reuters៕

ប្រភព៖ រ៉យទ័រ

ដោយ៖សហការី