អន្តរជាតិ

ចិនអំពាវនាវឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែនចូលតុចរចា ខ្លួននឹងមិនផ្តល់អាវុធដល់រុស្ស៊ីឡើយ

ប្រទេសចិនអំពាវនាវឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ចិននឹងមិនពង្រីកជម្លោះផ្តល់អាវុធដល់រុស្ស៊ីឡើយ។

ក្នុងអំឡុងកិច្ចប្រជុំជាមួយភាគីបេឡារុសនាទីក្រុងប៉េកាំងនៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៣ ប្រធានាធិបតីចិន លោក Xi Jinping និងសមភាគីបេឡារុស លោក Alexander Lukashenko បានអំពាវនាវរួមគ្នាឱ្យមានបទឈប់បាញ់ និងការចរចាដើម្បីនាំមកនូវដំណោះស្រាយ​នយោបាយចំពោះជម្លោះអ៊ុយក្រែន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបេឡារុស មេដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមថា “មានការព្រួយបារម្ភយ៉ាងខ្លាំង​អំពីការវិវត្តនៃជម្លោះប្រដាប់អាវុធនៅក្នុងតំបន់អឺរ៉ុប និងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ​ការបង្កើតសន្តិភាព តាមដែលអាចធ្វើទៅបានឆាប់ៗបំផុតនៅក្នុងប្រទេសអ៊ុយក្រែន”។

រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ចេញសំឡេងកាន់តែខ្លាំងឡើងក្នុងការអំពាវនាវឱ្យមានសន្តិភាព នៅពេលដែលជម្លោះអ៊ុយក្រែនអូសបន្លាយ ហើយបានបដិសេធថា ខ្លួននឹងមិនផ្តល់អាវុធដល់ទីក្រុងមូស្គូ បន្ទាប់ពីមន្ត្រីអាម៉េរិកបាននិយាយថា ប្រទេសចិនកំពុងពិចារណាជួយរុស្ស៊ី។ កាលពីសប្តាហ៍មុន ចិនបានចេញប្រកាសចំនួន ១២ ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ទូលំទូលាយនៅអ៊ុយក្រែន តែត្រូវបានលោកខាងលិចចាត់ទុកថាមានទិន្នាការ។ នៅក្នុងសេចក្តីយោងច្បាស់លាស់មួយ​ផ្ញើចំពោះសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអាម៉េរិក លោក Xi បានបន្ថែមថា “ប្រទេសពាក់ព័ន្ធគួរតែ​បញ្ឈប់ការធ្វើនយោបាយ និងប្រើប្រាស់សេដ្ឋកិច្ចពិភពលោកជាឧបករណ៍របស់ពួកគេ ហើយចាត់វិធានការជំរុញឱ្យមានបទឈប់បាញ់ពិតប្រាកដ បញ្ឈប់សង្រ្គាម និងដោះស្រាយ​វិបត្តិដោយសន្តិវិធី”៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា