សេដ្ឋកិច្ច

គយប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនូវ​លតាប័ត្រ​រថយន្ត​គំរូ​ថ្មី ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ការពារ​ការ​ក្លែងបន្លំ​

ភ្នំពេញ​៖​លតាប័ត្រ​រថយន្ត​គំរូ​ថ្មី របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា RFID ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២៣ នេះ​តទៅ​។​

​លតាប័ត្រ​រថយន្ត​ប្រភេទ​ថ្មី ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា RFID នេះ នឹង​ផ្តល់នូវ​ភាពងាយស្រួល ដល់​មន្ត្រី​គយ​មាន​សមត្ថកិច្ច​ក្នុងការ​ឃ្លាំមើល​និង​ចុះ​ត្រួតពិនិត្យ​អនុលោមភាព លើ​រថយន្ត​គ្រប់​ប្រភេទ​ដែល​ចរាចរ​តាម​ដងផ្លូវ ក៏ដូចជា​ស្ថិតក្នុង​អាជីវ​កម្មដ្ឋាន​ពី​ចម្ងាយ ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ត្រួតពិនិត្យ (RFID Reader) ដើម្បី​កំណត់​បាន​ថា ជា​លតាប័ត្រ​ត្រឹមត្រូវ ឬ​ក្លែងក្លាយ និង​ទទួលបាន​ព័ត៌មាន អំពី​អត្តសញ្ញាណ​រថយន្ត​ផងដែរ​។

​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​លតាប័ត្រ​រថយន្ត​គំរូ​ថ្មី​នេះ ក្នុងឱកាស​ដែល​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អមដំណើរ​ដោយ​លោក​អគ្គនាយករង លោក​ប្រធាន​លេខាធិការដ្ឋាន ប្រធាន​នាយក​ដ្ឋាន និង​មន្ត្រី​គយ​និង​រដ្ឋាករ​ពាក់ព័ន្ធ​បាន​អញ្ជើញ​ចុះទៅ​ការិយាល័យ​គយ​និង​រដ្ឋាករ​ផែស្ងួត ហុង ឡេង ហួរ នៃ​សាខាគយ​និង​រដ្ឋាករ​ផែស្ងួត នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២៣​នេះ​ដើម្បី​ពិនិត្យ​សកម្មភាព​ការងារ​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​លតាប័ត្រ​រថយន្ត​គំរូ​ថ្មី ដែលមាន​បំពាក់​បច្ចេកវិទ្យា RFID ជាមួយនិង​ការប្រើប្រាស់​ឧបករណ៍ RFID Reader​។​

​ក្នុងឱកាស​នោះ​បណ្ឌិត គុណ ញឹម បានប្រគល់​លតាប័ត្រ​រថយន្ត​គំរូ​ថ្មី ជូន​ការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត ហុង ឡេង ហួរ ជា​និមិត្តរូប​នៃ​ការប្រកាស​ជា​ផ្លូវការ ដាក់ឱ្យ​ប្រើប្រាស់​លតាប័ត្រ​រថយន្ត​គំរូ​ថ្មី របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជ៕ដោយៈផាវី