សេដ្ឋកិច្ច

ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ សម្រេចការ​សាងសង់​បាន​ប្រមាណ​៩០% គ្រោង​បញ្ចប់​ការសាងសង់​នៅ​ខែឧសភា ឆ្នាំ​២០២៣​នេះ​

​ភ្នំពេញ​៖ ក្នុងពេល​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ វឌ្ឍនភាព​នៃ​ការ​សាង​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ នា​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍​ឱ្យដឹងថា គិត​មកដល់ពេលនេះ​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ​ដំណើរ​ការសាងសង់​ស​ម្រេ​ប្រមាណ​ជិត​៩០% ហើយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ខែឧសភា ឆ្នាំ​២០២៣​នេះ មុន​ផែន​ការ​​កំណត់​។​

default

 

 

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា សម្រាប់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣ ដែលមាន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​នេះ មាន​២​ប្រភេទ​ដែលមាន​ការចាត់​បេតុង​សរសៃដែក ប្រវែង​៤៨​គីឡូម៉ែត្រ មាន​កម្រាស់ ២២​សង់ទីម៉ែត្រ មា​នន​ទំហំ​ទទឹងផ្លូវ​រហូតដល់​ទៅ ២៧​ម៉ែត្រ​សម្រាប់​ទីប្រជុំជន​សម្រាប់​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹងផ្លូវ ២៥​ម៉ែត្រ​។សម្រាប់​ផ្លូវ​ខ្នែង៥​គីឡូម៉ែត្របាន​ចាក់​បេតុង​កៅស៊ូ៩​សង់​ទី​ម៉ែត្រ សម្រាប់​តម្លៃ​សាងសង់​មាន​ចំនួន ២៧៣​លាន​ដុល្លារ​អាមេរិក​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បន្តថា គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ​ក្រោយ​ក្រសួង​ចុះ​ធ្វើតេស្ត​គុណភាព នៅតាម​កន្លែង​មួយចំនួន​ហើយ​ឃើញថា ក្រុមហ៊ុន​ធ្វើបាន​ត្រឹមត្រូវ​តាម​ស្ទង់​ដារ​បច្ចេកទេស តែ​ទោះជា​យ៉ាងណា​ក្រសួង​នៅតែ​បន្ត​តាមដាន​ជាប់​ជានិច្ច​ដើម្បី​ធានាថា​ផ្លូវ​នេះ​មាន​គុណភាព​អាច​ប្រើប្រាស់​បានយូរ​អង្វែង​។​ជាមួយគ្នា​នោះ​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែង​ណែ​នាំឱ្យ​ក្រុម​ហ៊ុន​សាងសង់ រៀបចំ​យ៉ាងណា​ឱ្យមាន​ភ្លើង​សញ្ញា​ឱ្យបាន​ត្រឹមត្រូវ​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ដាំ​ដើម​ផ្កា ឬ​ដើមឈើ​នៅតាម​ទ្រូង​ដើម្បី​កុំឱ្យ​ចាំង​ភ្នែក​ដល់​អ្នកបើកបរ​ក្នុងទិសដៅ​ប​ញ្ជ្រា​ស​គ្នា​ផងដែរ​។​

សូមបញ្ជាក់ថា ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ នឹងមាន​សាងសង់​ស្ពាន​អាកាស​ឆ្លងកាត់​ចំនួន​០៤​កន្លែង (​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ លេខ​៣ លេខ​២ និង​លេខ​២១) ប្រវែង​សរុប ១,០០០​ម៉ែត្រ​។ សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ០២​កន្លែង ត្រង់​កោះអន្លង់ចិន ប្រវែង​សរុប ៩៩៦​ម៉ែត្រ (​ក្នុងនោះ​ស្ពាន​បាសាក់​ខាងកើត​ប្រវែង ៦៣០​ម៉ែត្រ និង​ស្ពាន​បាសាក់​ខាងលិច ប្រវែង​៣៦៦​ម៉ែត្រ​)​។ សាងសង់​ស្ពាន​មធ្យម និង​ខ្លី​ចំនួន​០៦​កន្លែង និង​លូ​គ្រប់​ប្រភេទ​១១៣​កន្លែង​។​

​ផ្លូវ​មួយ​ខ្សែ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប ខូ​អិ​ល​ធី​ឌី (Shanghai Construction Group Co., Ltd.) និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ៕​ដោយៈសិរីមតី