អន្តរជាតិ

កងកម្លាំងអ៊ុយក្រែនកំពុងពិបាកខ្លាំង ដោយរុស្ស៊ីវាយលុកចេញ៣ច្រកនៅបាក់មុត

សារព័ត៌មានអន្តរជាតិអាល់ចាហ្សេរ៉ា បានឲ្យដឹងនៅថ្ងៃទី១មីនានេះថា កងកម្លាំងអ៊ុយក្រែនកំពុង​ពិបាកខ្លាំងក្នុងការទប់ទល់ជាមួយរុស្ស៊ី ដែលបានសម្រុកវាយចូលពី៣ច្រកនៃតំបន់បាក់មុត​ខេត្តដូណេតភាគខាងកើត។

បើតាមអ្នកនាង Hoda Abdel-Hamid ជាភ្នាក់ងាររាយការណ៍របស់បណ្តាញសារព័ត៌មានអន្តរជាតិ Al Jazeera ចេញពីទីក្រុង Kyivប្រទេសអ៊ុយក្រែន បានឲ្យដឹងចុងក្រោយត្រឹមយប់ដាច់ខែកុម្ភៈ ឈានចូលថ្ងៃទី១ ខែមីនាថា កងកម្លាំងអ៊ុយក្រែនកំពុងប្រឈមមុខនឹងស្ថានភាព “លំបាកខ្លាំងណាស់” នៅក្នុងទីក្រុង Bakhmut ភាគខាងកើត។ ដូចដែលយើងយល់ ស្ថានភាពនៅពេលនេះគឺ​កងកម្លាំងរុស្ស៊ីដែលដឹកនាំដោយក្រុមប៉ារ៉ាយោធាស៊ីឈ្នួល ហៅថា Wagner បាននិងកំពុងរុញច្រានបុកចូល៣ច្រក ដោយមួយនៅភាគខាងជើង ខាងត្បូង និងខាងកើតនៃ Bakhmut។

អ្នកនាង Hamid បានបន្តទៀតថា កង​កម្លាំង​អ៊ុយក្រែន​នៅ​តែតស៊ូ​រក្សា​ទឹកដី​របស់​ខ្លួន​ ទោះ​បី​ជាត្រូវតស៊ូស្ថិតក្នុងស្ថានភាពភក់ជ្រាំ ដោយមានភ្លៀងធ្លាក់ពីដើមនិទាឃរដូវក៏ដោយ។ ដោយបានកត់សម្គាល់ពីហានិភ័យ ប្រសិនបើរុស្ស៊ីបានគ្រប់គ្រង Bakhmut ក្នុងកម្រិតជាច្រើន នោះអ៊ុយក្រែននឹងពិបាកឈរជើងក្នុងតំបន់ក្បែរគ្នានោះ ដូចជា Kramatorsk ព្រោះបាក់មុតគឺជាទីតាំងប្រសព្វបែងទៅគ្រប់ផ្លូវនៃខេត្តដូណេត៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា