បច្ចេកវិទ្យា

SpaceX គ្រោងនឹងបាញ់បង្ហោះយានអវកាសអន្តរជាតិសម្រាប់អង្គការណាសានៅថ្ងៃចន្ទនេះ

ក្រុមហ៊ុនរ៉ុក្កែត SpaceX របស់មហាសេដ្ឋីអាម៉េរិក Elon Musk គ្រោងនឹងបាញ់បង្ហោះយាន​នៅថ្ងៃចន្ទសប្តាហ៍នេះ ដឹកយកអវកាសយានិកអារ៉ាប់រួម និងរុស្ស៊ី រួមជាមួយនាវិកអង្គការ​ណាសាទៅកាន់ទៅទីអវកាស ។

នេះដោយយោងតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ យានបាញ់បង្ហោះ SpaceX រួមមានគ្រាប់រ៉ុក្កែត Falcon 9 បំពាក់ដោយក្បាលគ្រាប់ Crew Dragon ដំណើរការដោយស្វ័យភាព ត្រូវបានកំណត់សម្រាប់ការបាញ់បង្ហោះនៅម៉ោង ១ និង៤៥នាទី ចូលថ្ងៃចន្ទទី ២៧ ខែកុម្ភៈ ម៉ោងនៅផ្លរីដាសហរដ្ឋអាម៉េរិកចេញពីមជ្ឈមណ្ឌលអវកាស Kennedy Cape Canaveral។ យាននេះ នឹងដឹកយកអវកាសយានិកអារ៉ាប់រួមម្នាក់ រុស្ស៊ីម្នាក់ រួមជាមួយនឹងនាវិករបស់អង្គការណាសាដែលមានស្រាប់២នាក់ទៀត ទាំងអស់គឺ ៤នាក់ ទៅកាន់គន្លងតារាវិថីនៃស្ថានីយអវកាសអន្តរជាតិ ក្នុងបេសកកម្មរយៈពេលយូរ ដោយរំពឹងថានឹងទៅដល់គោលដៅស្ថានីយចម្ងាយ ៤២០គីឡូម៉ែត្រពីផែនដីនៅថ្ងៃអង្គារ ពោលគឺ ២៥ម៉ោងបន្ទាប់ពីការបាញ់។

អង្គការ NASA ក៏ដូចជាម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk  សុទ្ធតែបានបង្ហោះសារ​ថា ការត្រួតពិនិត្យសម្រាប់យានគឺរួចរាល់អស់ហើយ ចាំតែពេលវេលាបាញ់ប៉ុណ្ណោះ អាកាសធាតុក៏ល្អដែរ។ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការអវកាស អាម៉េរិក និងរុស្ស៊ីត្រូវបានគេដឹងថានៅតែប្រាស្រ័យទាក់ទងគ្នា ទោះបីមានភាពតានតឹងសង្រ្គាម​អ៊ុយក្រែនក៏ដោយ។ សូមជម្រាបថា បេសកកម្មចុងក្រោយនេះ ធ្វើឡើងក្រោយគ្នាបន្តិច​បន្ទាប់ពីរុស្ស៊ីបានបាញ់យាន Soyuzរបស់ខ្លួនទៅដល់ស្ថានីយអវកាសកាលពីថ្ងៃសៅរ៍ ដើម្បីទៅយកអវកាសយានិកខ្លួនត្រឡប់មកផែនដីវិញ បន្ទាប់ពីបេសកកម្មនឹងត្រូវ​បញ្ចប់នៅខែមីនាខាងមុខនេះ៕

ប្រភព៖  REUTERS

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា