អន្តរជាតិ

អាម៉េរិកថា ពូទីនកំពុងតែមានភាពជឿជាក់ខ្លាំងលើការកម្ទេចអ៊ុយក្រែន

សហរដ្ឋអាម៉េរិកនិយាយថា ប្រធានាធិបតីរុស្ស៊ីពូទីន កំពុងតែមានភាពជឿជាក់ខ្លាំងក្នុងការ​វាយកម្ទេចប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែក្នុងករណីដែលរុស្ស៊ីនឹងសម្រេចដាក់ពង្រាយអាវុធ​នុយក្លេអ៊ែរ នោះរុស្ស៊ីនឹងត្រូវស្តាយក្រោយ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន CBS ប្រធានផ្នែកស៊ើបការណ៍​សម្ងាត់អាម៉េរិក CIA លោក William Burns បាននិយាយថា លោកប្រធានាធិបតីរុស្ស៊ីវ្ល៉ា ឌឹមៀរពូទីន សព្វថ្ងៃនេះ កំពុងមានភាពជឿជាក់ខ្លាំងលើសមត្ថភាពដឹកនាំរបស់លោក​នៅក្នុងប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន។ លោកពូទីនជឿជាក់ថា លោកនឹងអាចវាយកម្ទេចអ៊ុយក្រែនបានសម្រេចដូចបំណង ព្រមទាំងអាចផ្តួលរំលំ​សម្ព័ន្ធមិត្តលោកខាងលិច ធ្វើឲ្យសម្ព័ន្ធភាពធ្លាក់ចុះកម្លាំងផ្នែកភូមិសាស្រ្តនយោបាយ។

តែយ៉ាងណា បើតាមលោក Burns ដដែល រុស្ស៊ីនឹងស្តាយក្រោយ ប្រសិនបើការសម្រេចណាមួយរបស់រុស្ស៊ីមានទាក់ទងនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរប្រល័យលោក ជាជម្រើសកម្ទេចអ៊ុយក្រែន។ លោក Burns មិនបានបញ្ជាក់ពីរបៀបដែលអាម៉េរិកនឹងឆ្លើយតបបែបណាទៅកាន់រុស្ស៊ីនោះទេ ដូចគ្នានឹងការព្រមានមុនៗរបស់មន្រ្តីនៃរដ្ឋបាលលោកចូបៃដិន។

គួរសង្កេតថា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមអស់ពេលមួយជាងមួយឆ្នាំមកនេះ លោកប្រធានាធិបតីរុស្ស៊ីវ្ល៉ា ឌឹមៀរពូទីន តែងតែបង្ហាញនូវឆន្ទៈជ័យជម្នះជាប់មក​រហូតទៅលើអ៊ុយក្រែន។ ពូទីនបានបញ្ជាឲ្យមានការកេណ្ឌ និងដាក់ពង្រាយទ័ព​ជាបន្តបន្ទាប់ទៅកាន់សមរភូមិជួរមុខមិនដែលបានប្តូរចិត្តនោះទេ ទោះបីមានការគាបរឹតត្បិត ការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា